ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យ និងជំរុញការបូមទឹកសង្គ្រោះស្រូវរងគ្រោះរាំងស្ងួត នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពប្រជាកសិករបូមទឹកសង្គ្រោះស្រូវប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយទទួលបទបញ្ជាពីសម្តេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី គន់ គីម បានសម្របសម្រួល
និងចុះពិនិត្យជាក់ស្តែងក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ
ដើម្បីមានវិធានការក្នុងការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវកសិករ។
អំឡុងចុះពិនិត្យនារសៀលនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី
បានកោតសរសើរចំពោះការសម្របសម្រួលតាមរយៈការខិតខំប្រឹងប្រែងពីសំណាក់ក្រសួងជំនាញ
និងមន្ទីរ-អង្គភាពដែលជាសេនាធិការ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់
ដែលបានសហការជួយអន្តរាគមន៍បញ្ជូនទឹកពីប្រភពនៃប្រព័ន្ធធារាសាស្រ្ត ក្នុងការជួយសង្គ្រោះស្រូវរដូវវស្សារបស់កសិករតាមបណ្តាភូមិដែលបានរងផលប៉ះពាល់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនប្រជាកសិករថា
ការអន្តរាគមន៍ទឹកធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកការអន្តរាគមន៍ទឹកជាកិច្ចការសំខាន់ចំពោះមុខ
ដែលត្រូវខិតខំខ្នះខ្នែងដោះស្រាយឱ្យអស់ពីលទ្ធភាពជូនប្រជាកសិករ។
ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ទៀតថា មកទល់ពេលនេះតាមរយៈរបាយទឹកភ្លៀង និងការបង្ហៀរទឹកពីទំនប់
ឬសំណង់ស្ទាក់ទឹកបានកំពុងបញ្ជូនទឹកចូលទៅតាមប្រឡាយសម្រាប់កសិករបូមទឹកសង្គ្រោះជាបណ្តើរៗ
ហើយក៏ជាសញ្ញាបង្ហាញពីផលវិជ្ជមានចំពោះផលដំណាំស្រូវផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើដល់ប្រជាកសិករមានដំណាំស្រូវនៅផ្នែកខាងក្រោមទៀត
សូមសហការដោយស្តាប់ការណែនាំពីអាជ្ញាធរភូមិ-ឃុំ អំពីការកំណត់នៃការផ្លាស់ប្តូរវេន
ក្នុងការបូមទឹក
ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពបែងចែកបានផ្តល់ដល់ប្រជាកសិករគ្រប់ៗគ្នា។
នាឱកាសនោះ ប្រជាកសិករដែលកំពុងបូមទឹកចូលស្រូវរបស់ខ្លួន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល
ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះជួយបញ្ជូន
និងបែងចែកទឹកទាន់ពេលវេលា។
បន្ថែមលើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ
និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត
បង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការត្រៀមរៀបចំ
ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សានេះ។
សូមជម្រាបថា
ខេត្តបាត់ដំបងមានក្រុង-ស្រុកចំនួន៨
ដែលមានដំណាំស្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតសរុបចំនួន ៩៣,៩៧០ហិកតា៕









Post a Comment