រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។ ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្តី
បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ
និងប្រធានមន្ទីបរិស្ថានទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាន និងតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបានណែនាំដល់មន្រ្តីបរិស្ថាន
ពង្រឹងការអនុវត្តជំហានទី២ នៃសសរស្តម្ភបៃតង (យុទ្ធសាស្រ្ត២.១)
ផ្តោតលើលទ្ធផលជាក់ស្តែង លើការគ្រប់គ្រងធនធានធម្មជាតិ រួមមាន៖
- ការបន្តអនុវត្តច្បាប់១០០%
មិនលើកលែងចំពោះការព្រព្រឹត្តបទល្មើសនានា
- ពង្រឹងការសហការជាមួយគណៈបញ្ជាការនៃរដ្ឋបាលខេត្ត
ក្រុង ស្រុក កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌
- ពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់
ជាមួយក្រសួងស្ថាប័ន អង្គការដៃគូសហការ និងអភិវឌ្ឍន៍ សមាគមអង្គការសង្គមស៊ីវិល
អ្នកស្រឡាញ់បរិស្ថាន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន
ដើម្បីការពារព្រៃឈើ និងពង្រីកភាពបៃតង និងការជំរុញការបណ្តុះការដាំដើមឈើ ។
លើសពីនេះ
ក្នុងការអនុវត្តជំហានទី២ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត
បានថ្លែងជំរុញឱ្យមានការផ្សព្វផ្សាយសកម្មភាពការងារសំខាន់ៗរួមមាន
យុទ្ធនាការរបស់ក្រសួងបរិស្ថានដើម្បីភាពស្អាត ភាពបៃតង
ដូចជាការពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងបរិស្ថាន និងនៅតាមតំបន់ការពារធម្មជាតិ
ក្នុងនោះចាត់វិធានការម៉ឹងមាត់ ចំពោះបទល្មើស ធ្វើការពង្រីការស្រាវជ្រាវ
និងចាត់វិធានការបញ្ជូនជនល្មើសទៅតុលាការ
ការសម្រេចក្តីនិងការគ្រប់គ្រងលើសម្ភារៈដកហូតពីបទល្មើស ស្របតាមនីតិវិធីច្បាប់។
លើសពីនេះ
ការពង្រីកគម្របបៃតង តាមរយៈការបណ្តុះនិងបង្កើនការដាំដើមឈើឱ្យបានច្រើន។
«ការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងការឆ្លើយតបបានទាន់ពេលវេលា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីជំរុញការចូលរួមការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ប្រសិទ្ធភាពខ្ពស់គឺថា ការបង្កើនការយល់ដឹងជាសាធារណៈ តាមរយៈការផ្សព្វផ្សាយទូលំទូលាយ ដែលជួយឱ្យប្រជាពលរដ្ឋ អាជ្ញាធរ អង្គការសង្គមស៊ីវិល និងដៃគូសហការទាំងអស់ យល់ច្បាស់ពីច្បាប់ ក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន របស់ប្រទេសកម្ពុជា និងស្ថានភាពពិតជាក់ស្តែង នៃភារកិច្ចការងាររបស់ក្រសួងបរិស្ថាន។ កាលណាប្រជាពលរដ្ឋ ទទួលបានព័ត៌មានច្បាស់លាស់ ពួកគាត់នឹងចូលរួមទប់ស្កាត់បទល្មើសបានលឿន និងមានប្រសិទ្ធភាពជាងមុន និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕







Post a Comment