បារាំង និងអេស្ប៉ាញ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ខណៈសីតុណ្ហភាពបន្តហក់ឡើងខ្ពស់
ឡង់តុង៖ នៅថ្ងៃពុធ ទី២៩ កក្កដា សីតុណ្ហភាពបានបន្តហក់ឡើងយ៉ាងក្តៅគគុកម្តងទៀតនៅក្នុងប្រទេសបារាំង និងអេស្ប៉ាញ ដែលជារលកកម្តៅលើកទី៤ សម្រាប់រដូវក្តៅនេះ ខណៈដែលស្ថានភាពនេះកំពុងបង្កើនការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីអគ្គិភ័យ ដែលបានឆាបឆេះបំផ្លាញព្រៃឈើ សម្លាប់សត្វព្រៃ និងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ។
នៅក្នុងប្រទេសអេស្ប៉ាញ
ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា សីតុណ្ហភាពនឹងហក់ឡើងដល់ ៤០អង្សាសេ នៅថ្ងៃពុធនេះ
នៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន ៦
ដែលតំបន់ទាំងនោះត្រូវបានប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូច
ដែលជាកម្រិតប្រកាសអាសន្នខ្ពស់ទីពីរ។
ចំណែកឯនៅក្នុងប្រទេសបារាំងវិញ
យោងតាមទីភ្នាក់ងារឧតុនិយម សីតុណ្ហភាពនៅភាគនិរតី
ដែលជាតំបន់រងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃនោះ
ត្រូវបានគេរំពឹងថានឹងកើនឡើងពីប្រមាណ ៣៣អង្សាសេ (កាលពីថ្ងៃអង្គារ)
ដល់កម្រិតខ្ពស់បំផុត ៤២អង្សាសេ ខណៈខ្យល់ស្ងួតបក់ពីទិសនិរតីនៅពេលព្រឹក
និងពីទិសខាងលិចនៅពេលរសៀល អាចនឹងធ្វើឱ្យអណ្តាតភ្លើងកាន់តែឆាបឆេះខ្លាំងឡើងថែមទៀត៕ (Reuters)

Post a Comment