ក្រសួងអប់រំ ដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ។
ក្រសួងអប់រំ
យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ
ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈឱ្យ
មានលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ដល់ធុរជន
និងវិនិយោគិននៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្រសួងអប់រំ យុវជន និងកីឡា
បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង
រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច អភិវឌ្ឍបានដោយជោគជ័យនូវ «ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ក្នុងវិស័យអប់រំ នៃក្រសួងអប់រំ
យុវជន និងកីឡា»
តាមរយៈប្រព័ន្ធគំរូស្តង់ដានៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច
ដែល ដាក់ឱ្យប្រើប្រាស់ជាដំណាក់កាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប្រព័ន្ធនេះអនុញ្ញាតឱ្យ
សាធារណជន អាចបំពេញពាក្យស្នើសុំ ភ្ជាប់ឯកសារយោង ទូទាត់កម្រៃសេវា និងទទួល
អាជ្ញាបណ្ណតាមអនឡាញទាំងស្រុង
សម្រាប់ការស្នើសុំអាជ្ញាបណ្ណបើកគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនកម្មវិធី
សិក្សាជាតិចំនួន៥ប្រភេទសេវា របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖
- អាជ្ញាបណ្ណទារកដ្ឋាន (ទារកដ្ឋាន)
- អាជ្ញាបណ្ណមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ
(មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២)
- អាជ្ញាបណ្ណមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧ ដល់ថ្នាក់ទី៩)
- អាជ្ញាបណ្ណមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១០
ដល់ថ្នាក់ទី១២)
- អាជ្ញាបណ្ណមធ្យមសិក្សាឯកជន (ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)
ក្រសួងអប់រំ
យុវជន និងកីឡា
និងលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច
នឹងបន្តកិច្ចសហការក្នុងការធ្វើឌីជីថលលូបនីយកម្មសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ច
និងដាក់ឱ្យប្រើប្រាស់ គ្រប់ប្រភេទអាជ្ញាបណ្ណ និងសេវាជាបន្តបន្ទាប់៕


Post a Comment