ត្រាំ ប្រកាសពីផែនការសន្តិភាពហ្កាហ្សា ដែលនឹងនាំទៅរកការរំសាយអាវុធរបស់ហាម៉ាស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស ដោយចាត់ទុកថានេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនថ្មីមួយនៅក្នុងតំបន់ហ្កាហ្សា។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) ក្រុមប្រឹក្សាសន្តិភាព បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដើម្បីរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងចលនាប្រដាប់អាវុធទាំងអស់ក្នុងតំបន់ហ្កាហ្សា។ នេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព និងសន្តិសុខយូរអង្វែង»។ តាមលោក ត្រាំ ការរំសាយអាវុធរបស់ក្រុមហាម៉ាសនឹងត្រូវធ្វើឡើងជាដំណាក់កាលយ៉ាងប្រុងប្រយ័ត្ន។

បើតាមក្រុមមន្ត្រីជាន់ខ្ពស់ហាម៉ាសបាននិយាយ ថាកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយអ៊ីស្រាអែលក្នុងនោះរួមមានទាំងលក្ខខណ្ឌចែងអំពីការដោះស្រាយបញ្ហាអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពរបស់អ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សាជាដំណាក់កាល។

លោក Ghazi Hamad ជាសមាជិកមួយរូបនៃក្រុមអ្នកចរចាម៉ាសបាននិយាយថាហាម៉ាស បានធ្វើសម្បទានដើម្បីបុព្វហេតុប្រជាជនក្នុងតំបន់ហ្កាហ្សា និងដើម្បីសង្រ្គោះពួកគេពីការកាប់សម្លាប់ និងការភៀសខ្លួន។ លោកបន្ថែមថាបញ្ហាអាវុធរបស់ហាម៉ាសមានជាប់ពាក់ព័ន្ធនឹងការដកកងទ័ពរបស់អ៊ីស្រាអែល ការដាក់ពង្រាយគណៈកម្មាធិការជាតិ និងការស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។ ប៉ុន្តែភ្លាមៗមិនទាន់ការចេញសេចក្ដីថ្លែងការណ៍ណាមួយពីអ៊ីស្រាអែលនោះទេ។

សូមជម្រាបថា ការរំសាយអាវុធរបស់ហាម៉ាសគឺជាបញ្ហាខ្ទាស់ដ៏ធំមួយនៅក្នុងការជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសចាប់តាំងពីខែតុលា ឆ្នាំ២០២៥មក។ តែទោះជា មានបទឈប់បាញ់ក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតឡើងក្នុងតំបន់ហ្កាហ្សា ដោយអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សយ៉ាងហោច ៤នាក់ ក្នុងនោះមាន កុមារ២នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕ (AFP)



 

Powered by Blogger.