ខួប៩៩ឆ្នាំនៃកងទ័ពរំដោះប្រជាជនចិន៖ ពីបដិវត្តន៍ដើម្បីសន្តិសុខជាតិ ទៅការចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សាសន្តិភាពតំបន់ និងពិភពលោក
បរទេស៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ គឺជាខួបលើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (People's Liberation Army–PLA)។ រយៈពេលជិតមួយសតវត្សរ៍កន្លងមកនេះ កងទ័ពរំដោះប្រជាជនចិនបានវិវត្តពីកម្លាំងបដិវត្តន៍ទៅជាកងទ័ពជាតិដ៏រឹងមាំ ដែលជាសសរស្តម្ភសម្រាប់ការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន។
ការវិវត្តនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការកែទម្រង់វិស័យយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្រែប្រួលនៃទស្សនវិស័យសន្តិសុខរបស់ចិន ពីការផ្តោតលើសន្តិសុខផ្ទៃក្នុង ទៅកាន់ការចូលរួមក្នុងអភិបាលកិច្ចសន្តិសុខសកល ស្របនឹងប្រាជ្ញាចិនដែលតែងបានរំលេចថា៖ «ប្រទេសចិននឹងបន្តដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី មិនថាប្រទេសនេះអភិវឌ្ឍដល់កម្រិតណាក៏ដោយ» ដែលនេះជាគោលជំហរ និងជាគោលការណ៍សំខាន់មួយដែលភ្ជាប់ការកសាងកងទ័ពទៅនឹងការរក្សាសន្តិភាព។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការអភិវឌ្ឍសមត្ថភាពយោធារបស់ប្រទេសចិន មិនត្រូវបានពន្យល់ត្រឹមតែការការពារជាតិនោះទេ ដោយប្រទេសចិនបានលើកឡើងជាញឹកញាប់នៅក្នុងគោលនយោបាយការបរទេស និង ការការពារជាតិរបស់ខ្លួនជានិច្ចថា «ប្រទេសចិនបន្តមរតកផ្លូវសូត្របុរាណ ផ្លូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ដោយគ្មានឆន្ទៈប្រកួតប្រជែងដើម្បីគ្រប់គ្រងប្រទេសដទៃឡើយ»។
សម្រាប់ប្រទេសចិន ការពង្រឹងសមត្ថភាពយោធាមិនមែនជាគោលដៅដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃការធានាសន្តិសុខជាតិ ការពារការអភិវឌ្ឍ និងការរួមចំណែកដល់ស្ថិរភាពអន្តរជាតិ ស្របនឹងគំនិតលោក Xi Jinping ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនស្តីពីការពង្រឹងកងទ័ព ដោយផ្អែកលើគោលការណ៍សំខាន់ៗជាច្រើន រួមមានការធ្វើទំនើបកម្មយោធា ការអភិវឌ្ឍតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាលកម្លាំងដែលមានគុណភាពខ្ពស់ និងការកសាងកងទ័ពដែលមានសមត្ថភាពស្របតាមនិន្នការយុគសម័យទំនើប។ក្រៅពីការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន ប្រទេសចិនក៏បានពង្រីកកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិជាមួយបណ្តាប្រទេសជាមិត្ត រួមទាំងកម្ពុជាដែលជាមិត្តដែកថែបផងដែរ។ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់ជំនួយសម្ភារៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការពារជាតិ និងការធ្វើសមយុទ្ធរួមគ្នា កិច្ចសហប្រតិបត្តិការទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពនិងការធ្វើទំនើបកម្មវិស័យការពារជាតិរបស់កម្ពុជា ស្របតាមគោលបំណងពង្រឹងសន្តិសុខជាតិ និង ការពារសន្តិភាពក្នុងតំបន់ ស្របតាមកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ឆ្នាំ២០២៦ ក៏ជាខួប៤ឆ្នាំនៃគំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative – GSI) ដែលបានផ្តួចផ្តើមដោយលោក Xi Jinping កាលពីឆ្នាំ២០២២ ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព ការប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរពកង្វល់សន្តិសុខស្របច្បាប់របស់គ្រប់ប្រទេស ការដោះស្រាយវិវាទតាមការសន្ទនា និងការកសាងសន្តិសុខរួម។ មិនថាបរិបទពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសចិននឹងបន្តជាតួអង្គដ៏សំខាន់បំផុតមួយក្នុងការគាំពារសន្តិសុខសកល និងការរៀបចំស្ថាបត្យកម្មសន្តិសុខក្នុងសតវត្សរ៍ទី២១ និងសតវត្សរ៍ក្រោយៗទៀត៕ ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Post a Comment