រដ្ឋមន្រ្តី ហួត ហាក់៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងសហគមន៍
ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មកម្សាន្តទេសចរណ៍ពេលរាត្រីរបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក្នុងគោលបំណងជំរុញសក្តានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ការទសន្សនាប្រាសាទ និងទេសភាពជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តឱ្យបានកាន់តែច្រើនឡើង និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។
ក្នុងពិធីដ៏អធិកអធមនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលនៃគណៈអភិបាលរងខេត្តសៀមរាប, លោក លោកស្រីតំណាងមន្ទីរទេសចរណ៍រាជធានី ខេត្ត, លោកអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង, លោក លោកស្រីមេឃុំ លោកប្រធាន សហសហគមន៍បាគងភូមិខ្ញុំ និងអ៊ំ ពូ មីង បងប្អូនសមាជិក សមាជិកាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំទាំងអស់ សរុបប្រមាណ ៣០០នាក់។
ថ្លែងក្នុងពិធីដ៏សប្បាយរីករាយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរស្រុកប្រាសាទបាគង អាជ្ញាធរពាក់ព័ន្ធទាំងអស់, លោកប្រធានសហគមន៍, គណៈគ្រប់គ្រងសហគមប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នាយ៉ាងសកម្ម រហូតធ្វើឱ្យគម្រោងទេសចរណ៍ពេលរាត្រីក្នុងសហគមន៍នេះលេចចេញជារូបរាង ដែលជាសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍ទើបនឹងបង្កើតឡើង។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចាត់ទុកថា «ជាមាសបៃតង» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ ជាពិសេស រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយទទួលស្គាល់ថា សហគមន៍គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ជូនជម្រាបជូនបន្ថែមថា សមិទ្ធផលនៃសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍បាគងភូមិខ្ញុំនៅថ្ងៃនេះ ពិតជាឆ្លើយតបបាននឹង គោលបំណងរបស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតជាគោលការណ៍ឱ្យបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា សំដៅជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី ឱ្យបានកាន់តែសម្បូរបែប, បង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរ៕








Post a Comment