អាជ្ញាធរខេត្តមណ្ឌលគិរី ដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធទឹកស្អាត និងថាមពលសូឡា នៅមន្ទីរពេទ្យបង្អែកខេត្ត
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ដើម្បីសុខមាលភាពសាធារណៈ ជាពិសេសអ្នកទៅទទួលសេវានានាក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អាចប្រើប្រាស់ទឹកស្អាតសុវត្ថិភាពដោយឥតគិតថ្លៃ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង «កម្មវិធីប្រគល់-ទទួល និងដាក់ឱ្យដំណើរការជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់ទទួលទាន» នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានសម្តែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ESC ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យក្នុងខេត្តមណ្ឌលគិរី ជាពិសេសក្នុងក្រុងសែនមនោរម្យ។ លោក បានគូសបញ្ជាក់ថា សមិទ្ធផលចំនួន៣ ដែលត្រូវដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន ១.ប្រព័ន្ធចម្រោះទឹកទទួលទាន។ ២. ប្រព័ន្ធស្តុកទឹកភ្លៀង។៣. ប្រព័ន្ធសូឡាទឹកក្តៅសម្រាប់អគារសម្ភព នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់មន្ទីរពេទ្យ និងសហគមន៍ទាំងមូល។ លោក អភិបាលរងខេត្ត បានបន្ថែមថា សមិទ្ធផលទាំងនេះ នឹងជួយកាត់បន្ថយការចំណាយថ្លៃទឹករបស់មន្ទីរពេទ្យតាមរយៈការប្រើប្រាស់ទឹកភ្លៀងសម្រាប់ការបោកគក់ និងលាងសម្អាតសម្ភារ ផ្តល់ទឹកក្តៅគ្រប់គ្រាន់នៅផ្នែកសម្ភពសម្រាប់ងូតទឹកឱ្យទារក និងលាងសម្អាតឧបករណ៍ ព្រមទាំងផ្តល់ទឹកសម្រាប់ផឹកដោយឥតគិតថ្លៃ ជូនដល់បុគ្គលិកពេទ្យ និងអ្នកជំងឺដែលមកទទួលសេវាព្យាបាល។
លោក មួរ គារ អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកសង្គមនៃអង្គការអនាម័យដើម្បីបរិស្ថានកម្ពុជា (ESC) បានឲ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុងសែនមនោរម្យ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានធ្វើឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះបានបញ្ចប់ដោយជោគជ័យជាស្ថាពរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅក្នុងទំហំទឹកប្រាក់ប្រមាណជាងបីម៉ឺនដុល្លារអាមេរិក។
លោកបន្តថា សមិទ្ធិផលទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការបំពេញការងាររបស់បុគ្គលិកពេទ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវការលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការទទួលបានទឹកស្អាតមានសុវត្ថិភាពជូនដល់អ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋមកទទួលសេវានៅទីនេះផងដែរ ដែលវាពិតជាស្របទៅនឹងយុទ្ធសាស្ត្រគាំទ្រផ្នែកសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា៕






Post a Comment