កម្ពុជា-បារាំង បន្តជំរុញកិច្ចប្រតិបត្តិការលើវិស័យកសិកម្ម និងការអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦  បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (CIRAD)​ ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ​ លោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មរបស់លោកបណ្ឌិតទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

នាឱកាសនៃជំនួបជម្រាបលានេះ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត​ ទីណា បានថ្លែងអំណរគុណចំពោះ​លោកបណ្ឌិត ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេល​ ១២ឆ្នាំនៅកម្ពុជា​ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់​លោកបណ្ឌិត នូវក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្ម​ប្រកបដោយលទ្ធផលផ្លែផ្កា​ និងជំរុញលើកកម្ពស់ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង សំដៅកសាងទំនុកចិត្ត​និងទំនាក់ទំនងជាមួយគ្នា​ ជាពិសេសការគាំទ្រនូវការស្រាវជ្រាវក្នុងវិស័យកសិកម្មកម្ពុជា​ផងដែរ។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា និងលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម​ ការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វេីទំនេីបកម្មកសិកម្ម​ និងការលេីកកម្ពស់ការស្រាវជ្រាវ​ តាមរយៈបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាដ៏មានសារៈសំខាន់ នាពេលបច្ចុប្បន្ន​និងពេលអនាគត៕






 

Powered by Blogger.