រដ្ឋមន្ត្រី ហួត ហាក់ ៖ កម្ពុជា បាននិងកំពុងត្រៀមលក្ខណៈ​សម្បត្តិយ៉ាងសកម្ម ដើម្បីជំរុញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងវិស័យឯកជន សរុបប្រមាណ ៦០រូប។

សូមបញ្ជក់ជូនថា កន្លងមក ក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និង ស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងការសម្របសម្រួលឱ្យផលិត​កម្ម Daubai Production ថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្រោមចំណងជើងថា "ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា" និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកាហ្សាក់ស្ថាន ។

ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់ជាទីតាំងថតភាពយន្តអន្តរជាតិល្បីៗជាច្រើនដូចជា Tomb Raider, Two Brothers, First They Killed My Father, In the Mood for Love, និង The Sea Wall ព្រមទាំងការថតស្ប៉តពាណិជ្ជកម្មអន្តរជាតិរបស់ម៉ាកសញ្ញាប្រណិតៗដូចជា STEFANO RICCI និង Louis Vuitton (LV)

ចំណែកឯការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក៏ធ្លាប់ត្រូវបានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោក រួមមាន មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩និងកិច្ចប្រជុំប្រចាំឆ្នាំសហគមន៍ OB-PS លើកទី៤២, ពិព័រណ៍គ្រឿងអលង្ការ BVLGARI, ព្រឹត្តិការណ៍ Gumball 3000 និងនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនទៀត។

ទន្ទឹមនឹងនេះ, ដើម្បីជំរុញការងារទស្សនាប្រាសាទនាពេលរាត្រីឱ្យមានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង ឯកឧត្តម ហួត ហាក់ បានណែនាំត្រូវឱ្យមានជាគម្រោងសាកល្បង (Pilot Project) ដោយ​ត្រូវ​ជ្រើសរើសប្រាសាទ ១ ឬ ២ ជាការដាក់សាកល្បង នា​ពេល​ឆាប់ៗខាង​មុខ​នេះ​។

ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរនៅពេលរាត្រីផងដែរ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។ ជាក់ស្តែង, នាពេលឆាប់ៗខាងមុខនេះ, ឯកឧត្តមរដ្ឋមន្ត្រី នឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងជាគំរូដ៏មានប្រសិទ្ធភាពសម្រាប់ពង្រីកទៅកាន់សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត, គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋសហគមន៍ដោយផ្ទាល់។

បន្ថែ​មលើនេះ, ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ គម្រោងផលិតភាពយន្តខ្នាតខ្លីដែលមានការចូលរួមពីតារាសម្តែងល្បីជនជាតិកូរ៉េ និងតារាសម្តែងរបស់កម្ពុជា ដែលថតនៅតាមគោលដៅទេសចរណ៍សំខាន់ៗ នឹងគ្រោងលេចជារូបរាងឡើងនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធាន ១រូប, អនុប្រធាន ៦រូប, សមាជិក ២៨រូប និងក្រុមការងារបច្ចេកទេស ១ក្រុម៕






 

Powered by Blogger.