បារាំង៖ អង្គការ NATO គឺសម្រាប់ការពារដែនដីអឺរ៉ុប មិនមែនសម្រាប់ប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ Hormuz ឡើយ
ប៉ារីស៖ រដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងកងទ័ពបារាំង លោកស្រី Alice Rufo បានចេញមុខតបតនឹងការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ដកអាមេរិកចេញពីអង្គការណាតូ (NATO) ដោយលោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពយោធាមួយនេះ ត្រូវបានបង្កើតឡើងដើម្បីធានាសន្តិសុខក្នុងតំបន់អឺរ៉ុប-អាត្លង់ទិកប៉ុណ្ណោះ មិនមែនសម្រាប់បើកប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ ហ័រមូស (Hormuz) នោះទេ។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ
បានព្រមានថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិកចេញពីណាតូ
ដោយសារតែបណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប រួមទាំងបារាំង និងអង់គ្លេស
បានបដិសេធមិនជួយគាំទ្រប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
លោកស្រី Rufo
បានថ្លែងក្នុងសន្និសីទសន្តិភាពនៅទីក្រុងប៉ារីសថា «សូមរំលឹកថា
ណាតូជាសម្ព័ន្ធភាពយោធាដែលយកចិត្តទុកដាក់លើសន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក។
វាមិនត្រូវបានរចនាឡើងដើម្បីអនុវត្តប្រតិបត្តិការនៅច្រកសមុទ្រ Hormuz ឡើយ ដែលនេះនឹងក្លាយជាការបំពានច្បាប់អន្តរជាតិ»។
សូមជម្រាបថា ភាពតានតឹងរវាងទីក្រុងប៉ារីស
និងទីក្រុងវ៉ាស៊ីនតោន បានកើនឡើងកាន់តែខ្លាំង
បន្ទាប់ពីបារាំងបានបដិសេធមិនអនុញ្ញាតឱ្យអ៊ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន
ដើម្បីដឹកជញ្ជូនអាវុធអាមេរិកទៅធ្វើសង្គ្រាមលើអ៊ីរ៉ង់។ លោកស្រី Rufo
បានទទួលស្គាល់ថា ភាគីអាមេរិកពិតជាមានការខឹងសម្បារចំពោះការបដិសេធនេះ
ប៉ុន្តែលោកស្រីបានការពារជំហររបស់បារាំងថា
ទីក្រុងប៉ារីសចង់ស្វែងរកដំណោះស្រាយសន្តិភាព ដើម្បីស្តារសេរីភាពនាវាចរណ៍ឡើងវិញ
តាមរយៈមធ្យោបាយ «មិនមែនជាការវាយលុក» នោះទេ៕ (Reuters)

Post a Comment