ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការងារជោគជ័យ អាស្រ័យមន្ដ្រីមានសុខភាពល្អ
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ដ្រីរាជការទាំងអស់ ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមឱ្យមានក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាលភាពមន្ដ្រី នៃក្រសួងមុខងារ សាធារណៈ ដែលហៅកាត់ថា (MCS H+)។
កន្លងមកក្រុមការងារ MCS
H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍
ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗ
ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការប្រមាណជាង១០០ករណី រួចមកហើយ។
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ
ជាភ័ព្វសំណាងរបស់មន្ដ្រីរាជការក្រសួងមុខងារសាធារណៈ គឺឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី
បានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំជូនទៅដល់ថ្នាក់ដឹកនាំ
និងមន្ដ្រីរាជការគ្រប់ៗរូប ដែលកំពុងបំពេញការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ។
ថ្លែងក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនាពេលនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងការអរគុណដល់មន្ដ្រី
នៃក្រសួងមុខងារសាធារណៈគ្រប់ជាន់ថ្នាក់
ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តទោះ
ក្នុងកាលៈទេសៈសុខភាពយ៉ាងណាក៏ដោយ ក៏នៅតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបានសមិទ្ធផលយ៉ាងច្រើន
និងថ្មីៗជូនដល់ក្រសួង។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា «ក្នុងវេលានេះជាការគិតគូររួមចំណែក និងការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្តទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការព្យាបាលជូនដល់មន្រ្តីទាំងអស់»។
សូមជម្រាបថា
កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនេះ មានការចូលរួមគាំទ្រ
ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA-UYFC)
ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសាលាភូមិន្ទរដ្ឋបាល៕










Post a Comment