ឈានជើងសាជាថ្មី៖ ជំហានពោរពេញដោយក្ដីសង្ឃឹមរបស់ «ឈូក»
ភ្នំពេញ៖ ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។ ជិត ២០ឆ្នាំកន្លងផុតទៅដំរី "ឈូក" មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីសន្លាង។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឈូក
បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ០១គ្រឿង ដែលជាព្រះរាជ អំណោយដ៏ថ្លៃថ្លាបំផុតពី
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារ
ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង
សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។
ការមើលថែ ដំរីឈូក ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ
គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្ម
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។
សូមសាធារណជន ទាំងអស់បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ
ដើម្បីរួមចំណែកជំរុញនិរន្តរភាពធនធានសត្វព្រៃរបស់យើង៕




Post a Comment