ត្រាំ បញ្ជាឱ្យកងទ័ពជើងទឹកបាញ់កម្ទេចរាល់ទូកអ៊ីរ៉ង់ដែលព្យាយាមដាក់មីន នៅច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាញ់កម្ទេចរាល់ទូករបស់អ៊ីរ៉ង់ណាដែលព្យាយាមដាក់មីននៅក្នុងដែនទឹកនៃច្រកសមុទ្រហ័រមូស ព្រមទាំងបង្កើនសកម្មភាពបោសសម្អាតមីនរបស់អាមេរិកឱ្យបានបីដងបន្ថែមទៀត។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth
Social លោក ត្រាំ បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកអាមេរិក ត្រូវតែបាញ់កម្ទេចដោយគ្មានការស្ទាក់ស្ទើរ
ចំពោះរាល់ទូក ទោះបីជាទូកតូចៗក៏ដោយ
ប្រសិនបើត្រូវបានរកឃើញថាកំពុងដាក់គ្រាប់មីននៅក្នុងច្រកសមុទ្រដ៏សំខាន់មួយនេះ។
លោកបានអះអាងជាថ្មីទៀតថា បច្ចុប្បន្ននាវាចម្បាំងរបស់អ៊ីរ៉ង់សរុបចំនួន ១៥៩ គ្រឿង
បានលិចទៅបាតសមុទ្រអស់ទៅហើយ។
បន្ថែមពីលើបញ្ជាវាយប្រហារ
លោកប្រធានាធិបតីក៏បានបង្គាប់ឱ្យបង្កើនសកម្មភាពបោសសម្អាតមីនរបស់អាមេរិកនៅក្នុងច្រកសមុទ្រហ័រមូសឡើងដល់កម្រិតបីដងធៀបនឹងកម្រិតបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា សកម្មភាពបោស សម្អាតមីនកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម
ហើយលោកបានបញ្ជាឱ្យបង្កើនល្បឿននៃកិច្ចការងារនេះដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់នាវាចរណ៍ឡើងវិញ៕


Post a Comment