ឈ្វេងយល់អំពីច្បាប់ «បទល្មើសសំអាតប្រាក់»
ដោយ : ថោង វណ្ណា
ភ្នំពេញ÷ «ការសំអាតប្រាក់» ជាអំពើផ្តល់ឱ្យតាមគ្រប់មធ្យោបាយនូវយុត្តិកម្មកុហក ដើម្បីលាក់បាំងអត្ថប្រយោជន៍ផ្ទាល់ ឬ ប្រយោលនៃបទឧក្រិដ្ឋ ឬ បទមជ្ឈិម។ ត្រូវចាត់ទុកជាការសំអាតប្រាក់ផងដែរ អំពើជួយដល់ប្រតិបត្តិការ នៃការបណ្តាក់ទុន ការលាក់បំបាំង ឬ ការផ្លាស់ប្តូរផលផ្ទាល់ ឬប្រយោជន៍នៃបទឧក្រិដ្ឋ ឬ បទមជ្ឈិម (មាត្រា ៤០៤ ច្បាប់ស្តីពី «ការប្រឆាំងអំពើពុករលួយ»)។ទោសដែលត្រូវអនុវត្ត÷ មាត្រា ៤០៥ ច្បាប់ស្តីពី «ការប្រឆាំងអំពើពុករលួយ» ចែងថា ការសំអាតប្រាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ (បួនលាន) រៀល រហូតស្មើនឹងតម្លៃមូលនិធិ ឬ តម្លៃទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការសំអាតប្រាក់។
ក្នុងករណីបទល្មើសដែលជាប្រភពនៃទ្រព្យសម្បត្តិ ឬ មូលនិធិដែលជាកម្មវត្ថុនៃការសំអាតប្រាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ធ្ងន់ជាងទោសដាក់ពន្ធនាគារ ដែលមានចែងនៅក្នុងកថាខណ្ឌទី១ ខាងលើនោះ ការសំអាតប្រាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ដូចបទល្មើសដែលចារីបានដឹង ហើយក្នុងករណីបទល្មើសមានភ្ជាប់មកជាមួយនូវស្ថានទម្ងន់ទោសច្រើននោះ ចារីត្រូវទទួលទណ្ឌកម្ម ដោយយោងទៅតាមស្ថានទម្ងន់ទោសដែលខ្លួនបានដឹងប៉ុណ្ណោះ។
ស្ថានទម្ងង់ទោស÷ មាត្រា ៤០៦ ច្បាប់ស្តីពី «ការប្រឆាំងអំពើពុករលួយ» ចែងថា ការសំអាតប្រាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ឆ្នាំ) ទៅ ១០ (ដប់) ឆ្នាំ កាលបើបទល្មើសនេះបានប្រព្រឹត្ត ជាទម្លាប់, ដោយប្រើភាពងាយស្រួល ដែលការប្រកបនូវសកម្មភាពវិជ្ជាជីវៈផ្តល់ឱ្យ, ជាក្រុមមានការចាត់តាំង។
ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល÷ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា ៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមនេះ។ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៤០៤ (និយមន័យនៃការសំអាតប្រាក់) នៃក្រមនេះ។
នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០.០០០ (មួយរយលាន) រៀល ទៅ ៥០០.០០០.០០០ (ប្រាំរយលាន) រៀល ព្រមទាំងទោសបន្ថែមណាមួយ ឬ ច្រើនដូចតទៅ÷
១ - ការរំលាយតាមបែបបទកំណត់ដោយមាត្រា ១៧០ (ការរំលាយ និងការជម្រះបញ្ជីនៃនីតិបុគ្គល) នៃក្រមនេះ។
២ - ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយមាត្រា ១៧១ (ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមនេះ។
៣ - ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយ ឬ ច្រើន តាមបែបបទកំណត់ដោយមាត្រា ១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមនេះ។
៤ - ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ តាមបែបបទកំណត់ដោយមាត្រា ១៧៣ (ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ) នៃក្រមនេះ។
៥ - ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈ ដល់ការសន្សំសំចៃតាមបែបបទកំណត់ដោយមាត្រា ១៧៤ (ការហាមឃាត់ចំពោះការធ្វើអំពាវនាវជាសាធារណៈឱ្យធ្វើការសន្សំសំចៃ) នៃក្រមនេះ។
៦ - ការរឹបអូសវត្ថុ ឬ មូលនិធិដែលជាកម្មវត្ថុនៃបទល្មើស តាមបែបបទកំណត់ដោយមាត្រា ១៧៨ (ការរឹបអូសកម្មសិទ្ធិ, ការលក់, ការបំផ្លិចបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា ១៧៩ (ការរឹបអូស និងសិទ្ធិតតីយជន) នៃក្រមនេះ។
៧ - ការរឹបអូសផលទុន ឬ ទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស តាមបែបបទកំណត់ដោយមាត្រា ១៧៨ (ការរឹបអូសកម្មសិទ្ធិ, ការលក់, ការបំផ្លិចបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា ១៧៩ (ការរឹបអូស និងសិទ្ធិតតីយជន) នៃក្រមនេះ។
៨ - ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា ១៨០ (ការបិទផ្សាយសេចក្តីសម្រេច) នៃក្រមនេះ។
៩ - ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងដារព័ត៌មានសរសេរ ឬ ការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការផ្សាយសេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមនេះ។

Post a Comment