មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តតួនាទី និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ( ៥មិន ៥ត្រូវ )
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់យោធិននៃកងរាជអាវុធហត្ថទូទាំងខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងកម្លាំងក្រោមឱវាទជាច្រើនរូប រួមមាន៖ លោកមេបញ្ជាការរង និងនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ និងនាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង កងអនុសេនាធំមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកែប។
កិច្ចប្រជុំនេះដែរ រៀបចំឡើងគឺដើម្បីពង្រឹងវិន័យ សីលធម៌ និងប្រសិទ្ធភាពការងារ ដោយផ្តោតសំខាន់លើការយល់ដឹងនូវគោលការណ៍ «៥.មិន និង ៥.ត្រូវ» ដែលជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
គោលការណ៍ទាំងនេះគឺជាចំណុចគន្លឹះដែលយោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ដើម្បីថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិ និងប្រជាជន។
តាមរយៈការអប់រំចិត្តសាស្ត្រនេះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានរំលឹកដល់កម្លាំងទាំងអស់ឱ្យបន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់រដ្ឋ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល៕









Post a Comment