អ៊ីរ៉ង់ គំរាមសងសឹក ក្រោយសហរដ្ឋអាមេរិក រឹបអូសកប៉ាល់ដឹកទំនិញរបស់ខ្លួន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់ដែលព្យាយាមទម្លុះការបិទខ្ទប់របស់ខ្លួន ខណៈអ៊ីរ៉ង់គំរាមសងសឹក នៅចំពោះមុខការព្រួយបារម្ភពីការចាប់ផ្ដើមសង្រ្គាមឡើងវិញ។

យោធាអាមេរិក កាលពីថ្ងៃអាទិត្យបានដឹងថាខ្លួនបានបាញ់រះ និងរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងដោតទង់ជាតិអ៊ីរ៉ង់ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់។

កិច្ចប្រឹងប្រែងកសាងសន្តិភាពយូរអង្វែងក្នុងតំបន់មជ្ឈិមបូព៌ាហាក់ដូចជាកំពុងបរាជ័យ បន្ទាប់ពីអ៊ីរ៉ង់បានអះអាងថានឹងមិនចូលរួមកិច្ចចរចាជុំទី២ដែលសហរដ្ឋអាមេរិករំពឹងថាអាចនឹងធ្វើឡើង មុនបទឈប់បាញ់ផុតសុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះឡើយ។ សហរដ្ឋអាមេរិកបានបន្តរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ស្របពេលដែលអ៊ីរ៉ង់បានបើក ហើយក៏បិទច្រកសមុទ្រ Hormuz ឡើងវិញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅលើ បណ្ដាញទំនាក់ទំនងសង្គមបានគូសបញ្ជាក់ថា «យើងបានឃាត់ទុកកប៉ាល់របស់ពួកគេទាំងស្រុង ហើយកំពុងពិនិត្យមើលថាតើមានអ្វីខ្លះនៅលើនោះ»។ តាមយោធាអ៊ីរ៉ង់វិញ កប៉ាល់ដឹកទំនិញខាងលើបានធ្វើដំណើរចេញពីប្រទេសចិន។ យោធាអ៊ីរ៉ង់បានព្រមានដូច្នេះថា «យើងសូមព្រមានថាកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបក្នុងពេលឆាប់ៗ ហើយសងសឹកប្រឆាំងទង្វើចោរសមុទ្រប្រព្រឹត្តដោយយោធាអាមេរិក»

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់បានទាត់ចោលកិច្ចចរចាសន្តិភាពជុំទី២ជាមួយសហរដ្ឋអាមេរិក ដោយសារតែទីក្រុងវ៉ាស៊ីនតោននៅតែបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។ លោក ត្រាំ បានអះអាងថាយោធាអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀង ហើយមិនតែប៉ុណ្ណោះលោកក៏បានគំរាមសាជាថ្មីដែរថានឹងទម្លាក់គ្រាប់បែក កម្ទេចអ៊ីរ៉ង់ឱ្យក្លាយជាទៅជាផេះ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលលក្ខខណ្ឌរបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមទេនោះ៕ (Reuters)



 

Powered by Blogger.