តួកគីយ៉េ ចោទអ៊ីស្រាអែលថាប្រើបញ្ហាសន្តិសុខជាលេស ដើម្បីពង្រីកទឹកដី
អង់ការ៉ា៖ ប្រមុខការទូតតួកគីយ៉េ បានចោទប្រកាន់អ៊ីស្រាអែលថា កំពុងបំភាន់ភ្នែកអន្តរជាតិ ហើយប្រើប្រាស់ក្តីកង្វល់ផ្នែកសន្តិសុខ ជាលេសដើម្បីពង្រីកទឹកដី ចំពោះមុខការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាក្នុងតំបន់។
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan
Fidan បាននិយាយថា «អ៊ីស្រាអែលមិនមែនធ្វើដើម្បីសន្តិសុខរបស់ខ្លួនទេ
គឺអ៊ីស្រាអែលចង់បានទឹកដីថែមទៀត។
បញ្ហាសន្តិសុខកំពុងត្រូវបានរដ្ឋាភិបាលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin
Netanyahu ប្រើជាលេស ដើម្បីកាន់កាប់ទឹកដីបន្ថែម។ លោក Fidan
បានបន្តថា អ៊ីស្រាអែលបានបំភាន់ភ្នែកអន្តរជាតិ តាមរយៈការព្យាយាមបង្ហាញថា
សកម្មភាពនានារបស់អ៊ីស្រាអែល គឺដើម្បីតែការពារខ្លួនឯងសុទ្ធសាធ
ប៉ុន្តែការពិតបានលេចចេញកាន់តែច្បាស់ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
លោកប្រមុខការទូតតួកគីយ៉េ បានលើកឡើងថា
រាប់ចាប់តាំងពីដីរបស់ជនជាតិប៉ាឡេស្ទីន រួមមាន Gaza, West Bank និង Jerusalem ខាងកើត
ហើយឥឡូវពង្រីកឆ្ពោះដល់លីបង់និងស៊ីរីថែមទៀត គឺអ៊ីស្រាអែលកំពុងមានមហិច្ឆតាពង្រីកការត្រួតត្រានិងទឹកដីនៅក្នុងតំបន់
ហើយលោកយល់ថា រឿងបែបនេះត្រូវតែឈប់។ លោក Fidan បានបន្ថែមថា អ៊ីស្រាអែលចាំបាច់ត្រូវដឹងថា
មធ្យោបាយតែមួយគត់ ដើម្បីរស់នៅដោយសន្តិភាពក្នុងតំបន់ គឺអនុញ្ញាតឱ្យប្រទេសដទៃទៀត
ទទួលបានសន្តិសុខ បូរណភាពទឹកដី និងសេរីភាពរបស់ពួកគេ
មិនមែនប្រើកម្លាំងនិងអំណាចប្រឆាំងពួកគេនោះឡើយ។
សូមជម្រាបថា តួកគីនិងអ៊ីស្រាអែល បានបន្តស៊កសៀតពាក្យសម្តីឌឺដងដាក់គ្នាទៅវីញទៅមកស្ទើររៀងរាល់ថ្ងៃ
ជុំវិញបញ្ហាជម្លោះជាច្រើននៅក្នុងតំបន់ រាប់ចាប់ពីសង្រ្គាមអ៊ីស្រាអែលនៅ Gaza
និងការកើនឡើងភាពតានតឹងពាក់ព័ន្ធជាមួយអ៊ីរ៉ង់៕ (AFP)

Post a Comment