អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ ការគំរាមវាយប្រហារទីតាំងស៊ីវិលរបស់លោក ត្រាំ ស្មើនឹងការគំរាមប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម
តេហេរ៉ង់៖ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi នាថ្ងៃចន្ទនេះ បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលថានឹងវាយប្រហាររោងចក្រផលិតថាមពល និងស្ពាននានានៅក្នុងប្រទេសអ៊ីរ៉ង់ គឺអាចត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។
លោក Gharibabadi បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «លោកប្រធានាធិតីអាមេរិក
ក្នុងនាមជាមន្រ្តីកំពូលបំផុតនៅក្នុងប្រទេសរបស់ខ្លួន បានគំរាមជាសាធារណៈថា
នឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ ការគំរាមវាយប្រហាររោងចក្រថាមពលនិងស្ពាន
ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម
នៅក្រោមមាត្រ៨ (២) (b) នៃលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ
(ICC)»។
សូមជម្រាបថា
កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
និងថាមពលរបស់អ៊ីរ៉ង់ឱ្យខ្ទេចគ្មានសល់ ដោយទាមទារឱ្យទីក្រុងតេហេរ៉ង់
ឱនក្បាលទទួលយកការទាមទាររបស់លោក ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក ត្រាំ បានទុកពេលឱ្យអ៊ីរ៉ង់
ដល់ត្រឹមម៉ោង៨យប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)
ហើយបើគ្មានកិច្ចព្រមព្រៀងទេនោះ លោកថាអ៊ីរ៉ង់នឹងត្រូវប្រឈមមុខជាមួយផលវិបាក
ប្រៀបដូចជាឋាននរក៕ (AFP)

Post a Comment