រដ្ឋបាលស្រុកទឹកឈូ រៀបចំពិធីសំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ
៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា
ឆ្នាំ២០២៦ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៉ឹម ច័ន្ទសោធន អភិបាល
នៃគណៈអភិបាលស្រុកទឹកឈូ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ
សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកម្លាំង និងមន្ត្រីកិច្ចសន្យា
និងមន្រ្តីហាត់ការទាំងអស់ នៃរដ្ឋបាលស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៦
និងឈានចូលមកដល់នាពេលខាងមុខនេះ ស្ថិតនៅសាលប្រជុំធំសាលាស្រុកទឹកឈូ ។
ជាមួយគ្នានេះលោកអភិបាល
ក៏បានដាស់តឿន និងផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់
ត្រូវគោរពតួនាទីរបស់ខ្លួនឲ្យបានច្បាស់
ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿន
លោកអភិបាលបានសង្កត់ធ្ងន់ទៅលើការងារមួយចំនួនរួមមាន៖
១.
ការិយាល័យអប់រំត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់សម្រាប់ចំណាត់ការរបស់លោក
ជាពិសេសពង្រឹងការងារនាយកសាលាមួយចំនួនដែលអសកម្ម
និងលើកទឹកចិត្តដល់នាយកដែលខិតខំប្រឹងប្រែង។
២. អធិការស្រុក
និង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បន្តតាមដានសិស្សនៅក្រៅសាលា
បើសិនមានផ្ញើកង់ម៉ូតូ ឬឯកសណ្ឋានសិស្សនៅក្រៅសាលា
ពេលម៉ោងសិក្សាត្រូវមានចំណាត់ការបន្ទាន់។
៣. អធិការស្រុក
និង
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រូវធ្វើការឲ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន
ក្នុងការជួយទប់ស្កាត់អគ្គីភ័យ ដែលឆាបឆេះដោយប្រការណាមួយ ជាពិសេសព្រៃ
ឬចិញ្ច្រាំងតាមវាលស្រែនារដូវក្តៅ ដែលងាយនឹងឆាបឆេះ។
៤.
អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញបន្តធ្វើការផ្សព្វផ្សាយបងប្អូនភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ (ពាក់អាវពោង)
ក្នុងការលេងទឹកតាមបណ្តារមណីយដ្ឋានមួយចំនួនតាមដងព្រែក។
ជាចុងក្រោយ
លោកអភិបាលក៏បានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ
មន្ត្រីកិច្ចសន្យា និងមន្រ្តីហាត់ការ សរុបចំនួន ១១០នាក់ ក្នុងមួយនាក់ទទួលបាន៖
ភេសជ្ជៈ ១កេស ថវិកា ៥ម៉ឺនរៀល ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលស្រុកទទួលបាន៖ អង្ករ
២០០គីឡូក្រាម ភេសជ្ជៈ ១០កេស មី ៥កេស ថវិកា ១,៥០០,០០០រៀល ( មួយលានប្រាំសែនរៀល ), កម្លាំងកងរាជអាវុធហត្ថស្រុកទទួលបាន៖
អង្ករ ១០០គីឡូក្រាម ភេសជ្ជៈ ៥កេស មី ៣កេស ថវិកា ១,០០០,០០០រៀល ( មួយលានរៀល ) និងកម្លាំងផ្នែកសិករងស្រុក
និងកម្លាំងកងវរសេនាតូចចំការស្វាយ ក្នុងមួយកងកម្លាំងទទួលបាន៖ អង្ករ ១០០គីឡូក្រាម
ភេសជ្ជៈ ៥កេស មី ៣កេស និងថវិកា ៥០០,០០០រៀល ( ហាសិបម៉ឺនរៀល )
សរុបរួមអស់ថវិការចំនួន ៩,០០០,០០០រៀល
( ប្រាំបួនលានរៀល ) អង្ករ ៥០០គីឡូក្រាម ភេសជ្ជៈ ១៣៥កេស មី ១៤កេស ៕












Post a Comment