ប្រធានាធិបតីកូរ៉េ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Kim
Chang Yong ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ
ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម
និងការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
នៃប្រទេសទាំងពីរផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ
ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី
តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត
ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន
និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online
Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ
និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តិកូរ៉េជាដើម។ ក្នុងឱកាសនោះដែរ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online
Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។
យ៉ាងណាមិញឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបផងដែរពាក់ព័ន្ធនឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣
រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ ។
ទន្ទឹមនឹងនេះឯកឧត្តមអគ្គរដ្ឋទូតក៏បានស្នើនិងអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តីឱ្យដឹកនាំគណៈប្រតិភូ
ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគ នៅឯប្រទេសកូរ៉េនា ខែមិថុនាផងដែរ។
នាក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត
ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ
ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ
ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ
និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ
នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ
អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា
នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន៕



Post a Comment