រាជរដ្ឋាភិបាល បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅលើផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ រាជរដ្ឋាភិបាល បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅលើផ្លូវជាតិលេខ៥១ លើផ្ទៃដីជាង ៥០០ហិកតា ក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ មានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ាផ្លូវជាតិលេខ៥១»។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាសំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច
ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត
ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។
យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក
ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី
មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
វិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ
ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល
និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ
ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។
ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមាន
ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា
កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ
ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិតនិងទូរគមនាគមន៍
ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស
ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ
និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។
ក្នុងនោះផងដែរគម្រោងវិនិយោគ
ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា
ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។
របាយការណ៍បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤
កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៣០។ តំបន់សេដ្ឋកិច្ចពិសេសទាំង៣០នោះ
មានទីតាំងនៅ ១២រាជធានី-ខេត្ត ដោយ៩ ស្ថិតក្នុងខេត្តស្វាយរៀង, ៥ ក្នុងខេត្តព្រះសីហនុ, ៣
ក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងកណ្តាល, និងចំនួន១
នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ក្រចេះ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង
និងខេត្តកំពង់ចាម៕




Post a Comment