ម៉ាក្រុង៖ បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ទេ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ បាននិយាយថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើក ច្រកសមុទ្រ Hormuz ឡើងវិញនោះទេ ជាការច្រានចោលការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាទីក្រុងប៉ារីសមានឆន្ទៈចង់ជួយ។

លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយនៅឯសេតវិមានថា លោកបានជជែកជាមួយលោក ម៉ាក្រុង ហើយបានផ្ដល់ពិន្ទុ ៨លើ១០ សម្រាប់ជំហររបស់មេដឹកនាំបារាំងចំពោះការបើកច្រកសមុទ្រ Hormuz ដោយសន្មត់ថាលោក ម៉ាក្រុងនឹងចូលរួមក្នុងកិច្ចប្រឹងប្រែងគាំទ្រដោយសហរដ្ឋអាមេរិក។

ថ្លែងនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបារាំងដើម្បីពិភាក្សាអំពីជម្លោះនៅមជ្ឈិមបូព៌ា លោក ម៉ាក្រុង បានកត់សម្គាល់ថា «យើងមិនមែនភាគីជម្លោះនោះទេ ដូច្នេះបារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើក ឬរំដោះច្រកសមុទ្រ Hormuz ឡើងវិញនោះទេក្នុងបរិបទបច្ចុប្បន្ន»

បើតាមក្រុមមន្ត្រីបារាំង ទីក្រុងប៉ារីសបាន និងកំពុងជំរុញកិច្ចប្រឹងប្រែងដើម្បីបង្កើតក្រុមចម្រុះមួយដើម្បីធានាសុវត្ថិភាពក្នុងតំបន់ច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ដោយមិនមានតួនាទីរបស់សហរដ្ឋអាមេរិកឡើយ៕



 

 

Powered by Blogger.