អាស៊ានឯកភាពគ្នាមិនលើកពេលកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើឡើងនៅខែឧសភា ប៉ុន្តែនឹងបន្ថយរបៀបវារៈ
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នាថ្ងៃសុក្រ ទី២៧ ខែមីនា បាននិយាយថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន នឹងរៀបចំឡើងនៅខែឧសភាតាមការគ្រោងទុក ប៉ុន្តែនឹងកាត់បន្ថយមកនៅត្រឹមរបៀបវារៈចម្បងៗមួយចំនួន ដែលផ្តោតលើការដោះស្រាយបញ្ហាដូចជា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ តម្លៃស្បៀង និងពលករចំណាកស្រុក។
លោក Marcos បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង
ក្រោយការពិគ្រោះយោបល់គ្នាជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត។
លោកប្រធានាធិបតីហ្វីលីពីន បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានសាកសួរទៅកាន់សមាជិកអាស៊ានថា
ដោយសារគ្រប់គ្នាកំពុងមមាញឹកជាមួយវិបត្តិប្រេងបែបនេះ
ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា តើយើងទាំងអស់គ្នាចង់លើកពេលកិច្ចប្រជុំអាស៊ាន
ដែរឬយ៉ាងណា។ ចម្លើយមូលមតិគ្នា គឺឥឡូវនេះជាពេលដ៏ចាំបាច់តែម្តង
ដែលពួកយើងត្រូវសហការកិច្ចប្រឹងប្រែងរួមគ្នា។ ដូច្នេះវាជាអ្វីដែលយើងនឹងធ្វើ។
យើងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន តាមការគ្រោងទុក»។
លោក Marcos ដែលមានឋានៈជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ បានលើកឡើងថា
កិច្ចប្រជុំនឹងបន្ថយរបៀបវារៈ មកត្រឹមផ្តោតសំខាន់លើប្រធានបទចម្បង៣ រួមមានប្រេង
ស្បៀងអាហារ និងពលករចំណាកស្រុក។ លោក Marcos បានលើកឡើងថា កិច្ចប្រជុំខែឧសភា នឹងមានសារសំខាន់ជាខ្លាំង
ដើម្បីជួយមេដឹកនាំប្រទេសអាស៊ានទាំងអស់ កំណត់នូវ «អ្វីដែលពួកយើងត្រូវធ្វើនាពេលអនាគត អ្វីដែលយើងត្រូវធ្វើសម្រាប់ឆ្នាំនេះ
របៀបដែលយើងអាចជួយគ្នាទៅវិញទៅមក និងអ្វីទៅជាគោលជំហររបស់អាស៊ាន
ពាក់ព័ន្ធផលប៉ះពាល់ដ៏ភ្ញាក់ផ្អើលភ្លាមៗទាំងនេះ ដែលកំពុងឆ្ពោះមករកពួកយើង»៕ (Reuters)

Post a Comment