កូរ៉េខាងជើង និងបេឡារុស ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមេដឹកនាំបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានបើកកិច្ចប្រជុំកំពូលក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាទីដែលមេដឹកនាំទាំង២បានចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាពមួយ។
តាម KCNA ប្រទេសទាំង២
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
ក្នុងនោះរួមមានការទូត កសិកម្ម អប់រំ និងសុខាភិបាលសាធារណៈ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះបន្ថែមថានៅឯពិធីជប់លៀងមួយ លោក គីម ជុងអ៊ុន
បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក លូកាសិនកូ ទៅកាន់ទីក្រុងព្យុងយ៉ាងដែលជា
ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់មេដឹកនាំបេឡារុសចាប់តាំងពីប្រទេសទាំង២ភ្ជាប់ទំនងការទូតនឹងគ្នា
គឺជាពិតជាអត្ថន័យសម្រាប់ការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរវាងប្រទេសទាំង២។
KCNA បានឱ្យដឹងទៀតថាមេដឹកនាំបេឡារុសបានប្រាប់លោក
គីមថាទំនាក់ទំនងទ្វេភាគីកំពុងអភិវឌ្ឍឆ្ពោះទៅមុខយ៉ាងលឿនរហ័ស
ហើយថាមេដឹកនាំនៃប្រទេសទាំង២មានទស្សនៈយល់ឃើញ ដូចគ្នាចំពោះកិច្ចការអន្តរជាតិ។
បើតាមចារកម្មកូរ៉េខាងត្បូង អ៊ុយក្រែន
និងលោកខាងលិច កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង
១៤០០០នាក់ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន
កាលពីឆ្នាំ២០២៤។ ចំណែក លោក
លូកាសិនកូវិញបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីខែកុម្ភៈ
ឆ្នាំ២០២២ និងថែមទាំង
យល់ព្រមឱ្យរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីបេឡារុសដែលមានព្រំដែនជាប់នឹងប្រទេសជាសមាជិក
NATO
ចំនួន៣ទៀតផង៕

Post a Comment