ត្រាំ ពន្យារពេលវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ រយៈពេល១០ថ្ងៃបន្ថែមទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ថា រូបលោកនឹងផ្អាកការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ រយៈពេល១០ថ្ងៃបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី៦ ខែមេសា។

 សង្រ្គាមដែលអូសបន្លាយពេលជិត ៤សប្ដាហ៍មកនេះបានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ាដោយសម្លាប់មនុស្សរាប់ពាន់នាក់ និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកជាមួយ តម្លៃថាមពលឡើងថ្លៃដែលកំពុងបង្កការព្រួយបារម្ភពីការកើនឡើងអតិផរណាជាសកល។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពី កិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បរាជ័យមិនអាចសម្រេចបានកិច្ចព្រមព្រៀង។

លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានគំរាមអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯសេតវិមានដែរថាសហរដ្ឋអាមេរិកនឹងបង្កើនការវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀង បញ្ចប់សង្រ្គាមទេនោះ។ ក្រោយមក ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានប្រកាសពីការផ្អាកការវាយប្រហារលើរោងចក្រថាមពលអ៉ីរ៉ង់រយៈពេល១០ថ្ងៃបន្ថែមទៀត ពោលរហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

តាមលោក ត្រាំ កិច្ចចរចាជាមួយអ៊ីរ៉ង់កំពុងប្រព្រឹត្តទៅយ៉ាងល្អ តែខាងអ៊ីរ៉ង់នៅតែអះអាងថាមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះជាទទួលស្គាល់ថាកំពុងពិនិត្យលើ សំណើ១៥ចំណុចរបស់លោក ត្រាំ ដែលផ្ញើតាមរយៈប៉ាគីស្ថានក៏ដោយ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា លោក ត្រាំ បានប្រកាសម្ដងរួចមកហើយពីការផ្អាកការវាយប្រហារលើ រោងចក្រថាមពលអ៊ីរ៉ង់រយៈពេល៥ថ្ងៃ ហើយឥលូវពន្យារពេល១០ថ្ងៃបន្ថែមទៀត។ ដោយឡែក បើតាមកាសែតអាមេរិក Wall Street Journal អ៊ីរ៉ង់មិនបានស្នើសុំឱ្យលោក ត្រាំ ផ្អាកការវាយប្រហារ១០ថ្ងៃលើរោងចក្រថាមពលរបស់ខ្លួននោះទេ៕



 

Powered by Blogger.