អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសបដិសេធនូវការបំភ្លៃ ដោយមួលបង្កាច់ថា កម្ពុជាសុខចិត្តកាត់ដីឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេធ នូវការបំភ្លៃខុសខ្លឹមសារពិត ដោយមួលបង្កាច់ថា «កម្ពុជាសុខចិត្តកាត់ដីឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។
យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យ ក្រសួងការបរទេស នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនបងប្អូននៅ ទីនោះអំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជា «សុខចិត្តកាត់ដីឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនបន្ថែមថា នៅគ្រប់វេទិកា ជាតិ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តែងរំលឹកថា ប្រទេសកម្ពុជា និងថៃមានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូស ដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអំណាច នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម។
ឯកឧត្តមឧបឧបនាយករដ្ឋមន្ត្រី ក៏តែងបានបញ្ជាក់អំពីជំហរ ជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនត សន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀង ផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថា មានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគី ថៃត្រូវតែប្រគល់ដី ទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺ ជាឆន្ទៈត្រឹមត្រូវស្រប តាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែន ដែលបន្សល់ទុកពីបារាំង៕


Post a Comment