គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច បើកកិច្ចប្រជុំ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជំរុញសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច បានរៀបចំកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អូន ខន ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រាច។ កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាគណៈកម្មាធិការបក្សស្រុក ប្រធានគណបក្សឃុំទាំង ១៦ និងមន្ត្រីបង្គោលពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្ឬ្រជុំបានលើកយកនូវ របៀបវារៈសំខាន់ៗ ដោយផ្តោតលើចំណុចគន្លឹះចំនួន
៣ រួមមាន៖ បូកសរុបលទ្ធផលការងារកន្លងមក៖ ពិនិត្យឡើងវិញនូវសមិទ្ធផលដែលគណបក្សស្រុកសម្រេចបាន
ទាំងការងារសន្តិសុខសណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ខាងមុខ៖
ការរៀបចំផែនការសកម្មភាពនយោបាយ និងការចុះជួយមូលដ្ឋានឱ្យបានជាប់ជាប្រចាំ និងពង្រឹងរចនាសម្ព័ន្ធបក្ស, ការពិនិត្យមើលស្ថានភាពសមាជិកបក្សនៅតាមភូមិ-ឃុំ ដើម្បីធានាបាននូវភាពរឹងមាំ
និងសាមគ្គីភាពឯកភាពផ្ទៃក្នុងខ្ពស់។
មានមតិសំណេះសំណាល និងដឹកនាំកិច្ចប្រជុំ លោក
អូន ខន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់។
លោកបានសង្កត់ធ្ងន់ថា៖ "មន្ត្រីបក្សត្រូវតែជាបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋ។
យើងត្រូវតែ 'ដឹងសុខ ដឹងទុក្ខ' និងដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា
និងមានប្រសិទ្ធភាពបំផុត"។
ជាមួយគ្នានេះ លោកប្រធានក៏បានរំលឹកដល់សមាជិកទាំងអស់ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ
"ភូមិ-ឃុំ មានសុវត្ថិភាព"
និងត្រូវបន្តធ្វើអំពើល្អដើម្បីរក្សាសេចក្តីទុកចិត្តពីសំណាក់មហាជន។
អង្គប្រជុំបានឯកភាពគ្នាលើទិសដៅយុទ្ធសាស្ត្រមួយចំនួន
រួមមាន៖
• ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់
ដើម្បីក្តាប់សំណូមពរ និងជួយសម្រួលការលំបាកផ្សេងៗ។
• ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវគោលនយោបាយ
និងសមិទ្ធផលរបស់គណបក្ស។
• រៀបចំសន្តិសុខសណ្តាប់ធ្នាប់
និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។








Post a Comment