ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការស្តារភាពបៃតងនៅកម្ពុជា»ត្រូវបានប្រារព្ឋឡើងនៅខេត្តមណ្ឌលគិរី

ដោយ : ជឹម ទូច

ខេត្ត​មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF-កម្ពុជា បានរៀបចំកម្មវិធីទស្សនទាន «ទិវាមួយម៉ោងសម្រាប់ភពផែនដី» (Earth Hour) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការស្តារភាពបៃតងនៅកម្ពុជា»។ 

ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវិទ្យាល័យ ហ៊ុន សែន កោះញែក ក្រោមអធិបតីភាព ឯកឧត្តម សាម អុីន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និងលោកបណ្ឌិត ឌី ប៉ាងការ នាយកអង្គការ WWF-កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាសហគមន៍យ៉ាងច្រើនកុះករ។

​ក្នុងឱកាសនោះ លោក ឌឹម នី អភិបាលរងខេត្ត បានលើកឡើងពីក្តីបារម្ភចំពោះការប្រើប្រាស់ធនធានធម្មជាតិហួសប្រមាណ ដែលកំពុងគំរាមកំហែងដល់ភពផែនដី។ លោកបានអំពាវនាវដល់សាធារណជនឱ្យផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដើម្បីនិរន្តរភាពកម្ពុជា តាមរយៈការគាំទ្រទេសចរណ៍ធម្មជាតិ ការប្រើប្រាស់ថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ) និងការប្រើប្រាស់បរិក្ខាត្រជាក់ដោយមានការទទួលខុសត្រូវ។

​ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សាម អុីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃព្រៃឈើក្នុងការស្តុកទុកកាបូន ការពារជីវៈចម្រុះ និងទ្រទ្រង់ជីវភាពមនុស្សរាប់លាននាក់។ យើងត្រូវរួមគ្នាឱ្យកាន់តែសកម្មក្នុងការការពារ និងស្តារបេតិកភណ្ឌធម្មជាតិរបស់យើង ចាប់ពីពេលនេះតទៅ ដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

​ដោយឡែក លោកបណ្ឌិត ឌី ប៉ាងការ នាយកអង្គការ WWF-កម្ពុជា បានបង្ហាញមោទនភាពដែលទិវានេះបានឈានដល់ខួបលើកទី២០ កម្រិតសកល និងលើកទី១៦ សម្រាប់កម្ពុជា។ លោកបានកៀរគរឱ្យគ្រប់មជ្ឈដ្ឋានចូលរួមស្តារព្រៃឈើ និងការពារសត្វព្រៃដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីធានាអនាគតមួយដែលមនុស្ស និងធម្មជាតិរស់នៅជាមួយគ្នាដោយសុខដុមរមនា។

​គួរបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី មិនត្រឹមតែជាការបិទភ្លើងនិមិត្តរូបមួយម៉ោងប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាសកលដែលដាស់តឿនឱ្យមនុស្សគ្រប់រូបងាកមកយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ ដើម្បីការពារ «ផ្ទះរួម» របស់ពួកយើងទាំងអស់គ្នា៕

























Powered by Blogger.