កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អះអាងពីការវាយប្រហារលើរោងចក្រអាលុយមីញ៉ូមអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន

ដូហា៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បានអះអាងថាខ្លួនបានដឹកនាំការវាយប្រហារដោយប្រើមីស៊ីល និងដ្រូន លើរោងចក្រអាលុយមីញ៉ូមនៅក្នុងប្រទេសបារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ IRGC បានឱ្យដឹងថាការវាយប្រហារខាងលើរបស់ ខ្លួនធ្វើឡើងកាលពីថ្ងៃសៅរ៍ លើគោលដៅដែលមានជាប់ពាក់ព័ន្ធនឹងយោធាអាមេរិក។

ដោយឡែក ក្រុមហ៊ុន Aluminium Bahrain បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថាបុគ្គលិក ២នាក់ បានរងរបួសក្នុងការវាយប្រហារលើរោងចក្ររបស់ខ្លួន ខណៈក្រុមហ៊ុន Emirates Global Aluminium របស់អេមីរ៉ាតអារ៉ាប់រួមក៏បានឱ្យដឹងដែរថារោងចក្រមួយរបស់ខ្លួនក្នុងទីក្រុង Abu Dhabi បានរងការខូចខាតយ៉ាងដំណំ ហើយមានមនុស្ស ៦នាក់បានរងរបួស។

IRGC បានអះអាងថាការវាយប្រហារខាងលើគឺជាការសងសឹកទៅនឹងការវាយប្រហារមួយរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធឧស្សហកម្មអ៊ីរ៉ង់ ដែលត្រូវបានធ្វើឡើងចេញពី មូលដ្ឋានយោធាដែលទទួលឱ្យកងទ័ពអាមេរិកឈរជើងក្នុងបណ្ដាប្រទេសនៃតំបន់ឈូងសមុទ្រ៕



 

Powered by Blogger.