កូនផ្សោតកើតថ្មី ១ក្បាលទៀត ប្រទះឃើញនៅអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាលទៀត បានបង្ហាញខ្លួននៅរសៀលនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញដោយក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF

សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។

កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើត ចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាន នាយក ដ្ឋាន អភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាព សម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គ ភាព ពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WWF និង មន្រ្តីឆ្មាំទន្លេ ដែលបានសហការពង្រឹងការល្បាត ទប់ស្កាត់បទល្មើសនេសាទ ខុស ច្បាប់ និងតាមដានសុខភាពសត្វផ្សោត ការលើកកម្ពស់ការយល់ដឹង សាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ក្នុងករណីបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩ ១៨ ១៤ ៤ និង ០១៧៨១៨៣៨២៕








 

Powered by Blogger.