នាយកចារកម្មជាតិអាមេរិកបញ្ជាក់ថា អាមេរិក និងអ៊ីស្រាអែល មានគោលដៅយោធាខុសគ្នា ក្នុងសង្គ្រាមលើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ នៅក្នុងកិច្ចសាកសួរចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ នាយកចារកម្មជាតិអាមេរិក លោកស្រី Tulsi Gabbard បានអះអាងថា គោលដៅនៃយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺមិនដូចគ្នាឡើយ។

លោកស្រី Gabbard បានសង្កត់ធ្ងន់ថា «គោលដៅដែលកំណត់ដោយប្រធានាធិបតីអាមេរិក គឺខុសគ្នាពីគោលដៅដែលកំណត់ដោយរដ្ឋាភិបាលអ៊ីស្រាអែល»។ លោកស្រីបានពន្យល់ថា តាមរយៈប្រតិបត្តិការកន្លងមក គេអាចមើលឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងផ្តោតការយកចិត្តទុកដាក់លើ «ការកម្ចាត់ចោលរចនាសម្ព័ន្ធដឹកនាំកំពូលរបស់អ៊ីរ៉ង់»។ ដោយឡែក គោលដៅរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺផ្តោតសំខាន់តែលើការកម្ទេចសមត្ថភាពបាញ់មីស៊ីលបាលិស្ទីក, ការកម្ទេចសមត្ថភាពផលិតមីស៊ីល និងការកម្ទេចកងទ័ពជើងទឹករបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។

ការបញ្ជាក់របស់លោកស្រី Gabbard បានឆ្លុះបញ្ចាំងពីភាពខុសគ្នានៃយុទ្ធសាស្ត្ររវាងសម្ព័ន្ធមិត្តទាំងពីរ ដែលកំពុងរួមគ្នាវាយប្រហារលើអ៊ីរ៉ង់ ខណៈសង្គ្រាមនេះឈានចូលដល់សប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាណនៃកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅឡើយ៕



 

Powered by Blogger.