រុស្ស៊ីអំពាវនាវឱ្យបង្កើតតំបន់សុវត្ថិភាព ជុំវិញរោងចក្រនុយក្លេអ៊ែរ Bushehr ក្នុងប្រទេសអ៊ីរ៉ង់

ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប បានអំពាវនាវឱ្យមានការបង្កើតតំបន់សុវត្ថិភាពជាបន្ទាន់ជុំវិញរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ ដើម្បីបង្ការមហន្តរាយវិទ្យុសកម្មដ៏ធំមួយ បន្ទាប់ពីមានគ្រាប់ផ្លោងមួយបានធ្លាក់ក្បែរទីតាំងរ៉េអាក់ទ័រនេះ កាលពីប៉ុន្មានថ្ងៃមុន។

លោក Alexei Likhachev ប្រធានសាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានព្រមានថា នៅក្នុងរោងចក្រនេះមានផ្ទុកសារធាតុនុយក្លេអ៊ែរដល់ទៅ ៧២តោន និងកាកសំណល់ឥន្ធនៈនុយក្លេអ៊ែរ ២១០តោន ដែលការវាយប្រហារណាមួយចំទីតាំងនេះ នឹងបង្កជាគ្រោះមហន្តរាយមិនត្រឹមតែសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលទៀតផង។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើមានឧបទ្ទវហេតុណាមួយកើតឡើង វានឹងក្លាយជាមហន្តរាយកម្រិតតំបន់ ហើយគ្មានភាគីជម្លោះណាមួយអាចគេចផុតពីការឆ្លងវិទ្យុសកម្មនេះឡើយ»

បើតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ថា គ្រាប់ផ្លោងមួយបានធ្លាក់ចំអគារមួយនៅចម្ងាយប្រមាណ ៣៥០ម៉ែត្រពីទីតាំងរ៉េអាក់ទ័រ ដោយបណ្តាលឱ្យអគារនោះខូចខាត ប៉ុន្តែមិនបានបង្កការខូចខាតដល់រ៉េអាក់ទ័រផ្ទាល់ ឬមានអ្នករងរបួសឡើយ។ បច្ចុប្បន្ន រុស្ស៊ីបានជម្លៀសបុគ្គលិករបស់ខ្លួនភាគច្រើនចេញពីទីតាំងនេះ ហើយគ្រោងនឹងជម្លៀសបន្ថែមទៀតនៅពេលដ៏ខ្លីខាងមុខ ដោយទុកត្រឹមតែបុគ្គលិកមួយចំនួនតូចប៉ុណ្ណោះ ដើម្បីថែរក្សាសុវត្ថិភាពរោងចក្រ៕ (Reuters)



 

Powered by Blogger.