បណ្ឌិត ថោង ខុន អញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ដោយមានការចូលរួមពីលោកអនុប្រធានទី១ អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, គណបក្ស , គណបក្សឃុំ និងក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ជាច្រើនរូបទៀត។
សូមបញ្ជាក់ដែរថា
ការសាងសង់រចនាសម្ព័ន្ធនានានៃទីស្នាក់ការបក្សស្រុកតាំងគោកនេះ មានទំហំដីជិត ១ហិកតា
ហើយអគារទីស្នាក់ការនេះមានកម្ពស់ ១ជាន់ ទទឹង ១៧.១០ម៉ែត្រ និងបណ្តោយ ៣០.៦០ម៉ែត្រ
ក្នុងនោះផ្ទៃក្នុងអគារមានសាលប្រជុំចំនួន ១, បន្ទប់ការិយាល័យចំនួន
៤, បន្ទប់ដាក់សម្ភារៈ ១ ដោយត្រូវសាងសង់រយៈពេល ៥ខែ
និងចំណាយថវិកាអស់ប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ក្នុងខែសីហា
ឆ្នាំ២០២៦ ខាងមុខ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន
ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, គណបក្សស្រុក, គណបក្សឃុំ, ព្រះសង្ឃ
និងសប្បុរសជន ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រសម្រាប់សាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោកនេះ
និងបានថ្លែងអំណរគុណដល់លោក នួន ផារ័ត្ន ប្រធានគណបក្សខេត្តកំពង់ធំ
ដែលបានខិតខំស្វែងរក និងផ្តល់ដីសម្រាប់សាងសង់ស្នាក់ការបក្សស្រុកនៅកន្លែងនេះផងដែរ។
បណ្ឌិត ថោង ខុន បានបន្ថែមថា
ការបើកការដ្ឋានសាងសង់នាពេលនេះកើតចេញពីយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពីលោក វង្សី
វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍
និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
និងការរួមកម្លាំងសាមគ្គីគ្នារបស់ក្រុមការងារ, គណបក្សស្រុក,
គណបក្សឃុំ, ព្រះសង្ឃ, ប្រជាពលរដ្ឋ និងសប្បុរសជននានា
ក្នុងគោលដៅដើម្បីផ្តល់ទីកន្លែងសមរម្យជូនគណបក្សស្រុក និងក្រុមការងារ
ក្នុងការបំពេញតួនាទី និងភារកិច្ចជូនគណបក្សប្រជាជនកម្ពុជា
និងប្រជាពលរដ្ឋស្រុកតាំងគោក។ តាមរយៈការអំពាវនាវ
គិតមកដល់ថ្ងៃនេះយើងទទួលបានថវិកាឧបត្ថម្ភប្រមាណជាង ៧០,០០០ដុល្លារ
និងកំពុងបន្តអំពាវនាវរកសប្បុរសជនបន្ថែមទៀតដើម្បីបង្គ្រប់ការសាងសង់នេះ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានរំលឹកអំពីការតស៊ូ
និងខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុនសែន និងឥស្សរជនជាន់ខ្ពស់
ដែលជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្តារ
កសាងប្រទេសជាតិចាប់ពីបាតដៃទទេ
រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ
ពិសេសការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយពេញលេញ
ចាប់ពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ន។
បណ្ឌិត ថោង ខុន
ក៏បានលេីកឡេីងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់សង្គ្រាមនៅតាមព្រំដែន កម្ពុជា-ថៃ
ដេីម្បីបន្ធូរភាពតានតឹង ស្តារឡើងវិញនូវស្ថិរភាព សន្តិភាព
និងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ក្នុងបរិបទនេះ
ក៏បានរំឭកឱ្យយើងត្រូវរៀនសូត្រឱ្យបានល្អិតល្អន់អំពីប្រវត្តិសាស្ត្រជាតិ
ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ យល់ច្បាស់ល្បិចកល
និងពុតត្បុតរបស់អ្នកឈ្លានពាន ហើយត្រូវប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងម្ចាស់ការខ្លួនឯង
ខិតខំលើកស្ទួយផលិតផលជាតិ ទើបអាចរក្សាអត្ថិភាពជាតិយើងបាន។
ភារកិច្ចរួមជាយុទ្ធសាស្ត្ររបស់គណបក្សយើងក្នុងដំណាក់កាលបច្ចុប្បន្ន
គឺពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ រួបរួមគ្នាការពារឯករាជ្យ សន្តិភាព អធិបតេយ្យ
បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឱ្យស្ថិតស្ថេរ និងរឹងមាំ
និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា
ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ទាក់ទងបញ្ហ Scam Online បណ្ឌិត ថោង ខុន បានបញ្ជាក់ថា Scam Online ជាបញ្ហាសកល
និងតំបន់ មិនមែនមានតែនៅកម្ពុជានោះទេ។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បានប្តេជ្ញាចិត្តបង្ក្រាបឱ្យអស់
មិនឱ្យមានទីតាំងឆបោក Scam Online នៅលើទឹកដីកម្ពុជា
ខណៈសេដ្ឋកិច្ច Scam online នេះ ជាប្រភេទសេដ្ឋកិច្ចខ្មៅ
មិនមានចំណូលចូលថវិការដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិនោះឡេីយ មានតែធ្វើឱ្យមុខមាត់
និងកិត្តិយសជាតិអាប់អោនតែប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិត
ក៏បានបន្តអំពាវនាវដល់ក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, គណបក្សស្រុក, គណបក្សឃុំ និងសប្បុរសជននានា
បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការសាងសង់នេះ។ នៅពេលមានស្នាក់ការបក្សល្អហើយ
សូមឱ្យមន្ត្រីបក្សធ្វើអំពើល្អ, យកចិត្តទុកដាក់ដល់សុខទុក្ខ
ជីវភាពរស់នៅ និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម
ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
នាឆ្នាំ២០២៧ និងការបោះឆ្នោតសកល ២០២៨ នាពេលខាងមុខ។
ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់
អនុវត្តគម្រោងផែនការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បទដ្ឋាន
និងស្តង់ដារសំណង់ប្រកបដោយគុណភាពខ្ពស់៕












Post a Comment