អាវុធហត្ថខេត្តកំពត ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីសំណេះសំណាលយ៉ាងមហោឡារិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់
លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយ-នាយរងការិយាល័យចំណុះមន្ទីរ
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩
និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ
បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់
និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់យោធិននារី
ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការងាររដ្ឋបាលក្នុងអង្គភាព។
លោកបានសង្កត់ធ្ងន់ថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី
និងគ្រួសារ» គឺជាសក្ខីភាពនៃការផ្តល់តម្លៃដល់ស្ត្រីជាឆ្អឹងខ្នងនៃសន្តិភាព
និងការអភិវឌ្ឍ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ
លោកមេបញ្ជាការបានផ្តល់កាដូអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តជូនដល់យោធិននារី
នៃកងរាជអាវុធហត្ថខេត្ត ចំនួន ០៩ នាក់ និងបុគ្គលិកចម្អិនអាហារ (ចុងភៅ) ចំនួន ០១
នាក់។
ស្របជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី
ក៏បានឆ្លៀតឱកាសសំណេះសំណាលសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគ រួមមាន អង្ករ
ទឹកសុទ្ធ ភេសជ្ជៈ មី ទឹកត្រី និងថវិកា ជូនដល់យោធិនដែលមានជីវភាពខ្វះខាត ចំនួន ០៥
នាក់ និងយោធិនសោធននិវត្តន៍ ចំនួន ០១ នាក់ ដើម្បីជាការតបស្នងចំពោះគុណបំណាច់ដែលបានបម្រើជាតិមាតុភូមិនាពេលកន្លងមក។
ពិធីសំណេះសំណាលនេះ
បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពរីករាយ
ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកំពត
ចំពោះសុខុមាលភាព និងសិទ្ធិអំណាចរបស់ស្ត្រី
ក៏ដូចជាមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់៕










Post a Comment