ប្រជាធិបតេយ្យតាមបែបផែនចិន៖ ការឆ្លុះបញ្ចាំងតាមរយៈមហាសន្និបាតសភាទាំងពីរ
បរទេស៖ នៅក្នុងទស្សនវិជ្ជានយោបាយសម័យទំនើប ប្រជាធិបតេយ្យមិនមានគំរូតែមួយសម្រាប់ប្រទេសទាំងអស់នោះទេ។ ប្រទេសនីមួយៗអភិវឌ្ឍប្រព័ន្ធនយោបាយដែលសមស្របនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ និងរចនាសម្ព័ន្ធសង្គមរបស់ខ្លួន។ ក្នុងករណីប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានបង្កើតគំរូដែលត្រូវបានហៅថា «ប្រជាធិបតេយ្យតាមបែបផែនចិន» ឬ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ គំរូនេះផ្អែកលើការរួមបញ្ចូលប្រព័ន្ធតំណាង និងប្រព័ន្ធពិគ្រោះយោបល់ ដើម្បីធានាថា ការសម្រេចចិត្តនយោបាយឆ្លុះបញ្ចាំងពីមតិ និងតម្រូវការរបស់សង្គមទូលំទូលាយ។
ក្នុងបរិបទនេះ មហាសន្និបាតសភាទាំងពីរ ដែលរួមមាន មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) និងមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) គឺជាវេទិកានយោបាយដ៏សំខាន់។ សម័យប្រជុំលើកទី៤ នៃនីតិកាលទី១៤ ដែលកំពុងប្រព្រឹត្តទៅ បានក្លាយជាកន្លែងប្រមូលផ្តុំមតិយោបល់ពីតំណាងមកពីតំបន់ ភាគីនយោបាយ អង្គការសង្គម អ្នកវិទ្យាសាស្ត្រ និងវិស័យឧស្សាហកម្ម ដើម្បីពិភាក្សា និងកំណត់ទិសដៅអភិវឌ្ឍជាតិ។ លក្ខណៈពិសេសរបស់ប្រព័ន្ធនេះគឺការរួមបញ្ចូល «ការសម្រេចចិត្តដោយតំណាង» ជាមួយ «ការពិគ្រោះយោបល់ទូលំទូលាយ» ដែលផ្តោតលើការស្វែងរកឯកភាពគ្នា ជាជាងការប្រកួតប្រជែងអំណាចតាមរយៈការបោះឆ្នោត។
ក្នុងឆ្នាំ២០២៦ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា សម័យប្រជុំមហាសន្និបាតសភាទាំងពីរ បានផ្តោតសំខាន់លើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងការកំណត់យុទ្ធសាស្ត្រអភិវឌ្ឍអនាគត។ ប្រធានបទសំខាន់ៗដែលត្រូវបានលើកឡើង រួមមាន ការកែលម្អគុណភាពកំណើនសេដ្ឋកិច្ច ការជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង និងការលើកកម្ពស់ជីវភាពប្រជាជន។ ក្នុងន័យនេះ គោលគំនិត «កម្លាំងផលិតកម្មគុណភាពថ្មី» ដែលត្រូវបានលើកឡើងដោយលោក Xi Jinping ត្រូវបានចាត់ទុកថា ជាគន្លងសំខាន់ក្នុងការបំលែងគំរូកំណើនសេដ្ឋកិច្ចរបស់ចិន និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏មានតួនាទីសំខាន់ក្នុងការរៀបចំផែនការ៥ឆ្នាំលើកទី១៥ (២០២៦–២០៣០) ដែលនឹងកំណត់ទិសដៅអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសចិន។ ដំណើរការរៀបចំផែនការនេះរួមបញ្ចូលការប្រមូលយោបល់ពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងប្រជាជនទូទៅ។ វាបង្ហាញថា ប្រព័ន្ធប្រជាធិបតេយ្យបែបពិគ្រោះយោបល់ត្រូវបានប្រើជាយន្តការសំខាន់ក្នុងការធានាថា គោលនយោបាយអភិវឌ្ឍអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សង្គម។
តាមរយៈដំណើរការនេះ ប្រទេសចិនកំពុងបង្ហាញពីសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលនៃបរិបទសកល។ ទោះបីស្ថានការណ៍ពិភពលោកមានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តផ្តោតលើការអភិវឌ្ឍជាតិ ខណៈពេលដែលបន្តបើកចំហសេដ្ឋកិច្ច និងចែករំលែកឱកាសអភិវឌ្ឍជាមួយពិភពលោក។ ជាក់ស្តែង ការបង្កើតតំបន់គយពិសេសនៅខេត្តហៃណាន ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គឺជាឧទាហរណ៍មួយនៃគោលនយោបាយបើកចំហនេះ ដែលមានគោលបំណងជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសហប្រតិបត្តិការអន្តរជាតិ។ ការអភិវឌ្ឍរបស់ប្រទេសចិន និងពិភពលោកមានភាពពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។ ក្នុងនាមជាមជ្ឈមណ្ឌលសំខាន់មួយនៃខ្សែសង្វាក់ផលិតកម្ម និងទីផ្សារពិភពលោក ការរីកចម្រើនរបស់ចិនមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលលើស្ថិរភាព និងសមតុល្យនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ដោយសារតែការពឹងផ្អែកគ្នានៅក្នុងប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ការអភិវឌ្ឍរបស់ចិន និងការអភិវឌ្ឍរបស់ពិភពលោកក្លាយជាដំណើរការដែលជំរុញគ្នាទៅវិញទៅមក។
ជារួម ប្រជាធិបតេយ្យតាមបែបផែនចិនបង្ហាញពីគំរូអភិបាលកិច្ចមួយដែលផ្អែកលើការរួមបញ្ចូលរវាងការគ្រប់គ្រងដោយរដ្ឋ និងការចូលរួមពីសង្គម។ មហាសន្និបាតសភាទាំងពីរ បានបំពេញតួនាទីជាវេទិកាស្នូលក្នុងការប្រមូល មតិយោបល់ និងកំណត់ទិសដៅអភិវឌ្ឍជាតិ។ ក្នុងបរិបទនេះ ការត្រៀមអនុវត្តផែនការ៥ឆ្នាំលើកទី១៥ មិនត្រឹមតែបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីរបៀបដែលប្រជាធិបតេយ្យតាមបែបផែនចិនត្រូវបានប្រើជាយន្តការសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយស្ថិរភាព និងចីរភាព៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន


Post a Comment