លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារពិភពលោក
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារពិភពលោក ដឹកនាំដោយលោក Carlos Felipe Jaramillo អនុប្រធាន ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អាគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Jaramillo
បានបញ្ជាក់ពីការកត់សម្គាល់លើសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន
និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ថែមលើនេះ
លោកក៏បានបញ្ជាក់ពីក្តីសោមនស្សចំពោះកិច្ចសហការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមកផងដែរ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល
បានមានប្រសាសន៍ពីតួនាទីរបស់វិស័យធនាគារក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ
ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពប្រព័ន្ធធនាគារ។ ទន្ទឹមនេះ
លោកជំទាវក៏បានលើកឡើងពីកត្តាប្រឈមមួយចំនួន
និងបានផ្លាស់ប្តូរទស្សនាទានពីការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយសកល
រួមទាំងការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិផងដែរ។ បន្ថែមលើនេះ
លោកជំទាវក៏បានជម្រាបពីការទទួលបានកិច្ចសហការល្អពីខាងធនាគារពិភពលោកលើកិច្ចការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ
និងយុទ្ធសាស្ត្រជាតិនានាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។
ជារួម ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យបានកាន់តែរឹងមាំថែមទៀត សំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ គួររំលេចថា បន្ទាប់ពីកិច្ចពិភាក្សានេះ គណៈប្រតិភូធនាគារពិភពលោក ក៏បានទៅទស្សនាសារមន្ទីសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសាន្តវរ្ម័នផងដែរ៕







Post a Comment