គីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនត្រូវបានជ្រើសតាំងឱ្យបន្ត កាន់តំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋ បន្ទាប់ពីកូរ៉េខាងជើងបើកសម័យប្រជុំនៃសភាប្រជាជនកំពូល កាលពីថ្ងៃអាទិត្យ។
សម័យប្រជុំនៃសភាប្រជាជនកំពូលក្នុងទីក្រុងព្យុងយ៉ាង
នឹងពិភាក្សាអំពីការធ្វើវិសោធនកម្ម និងការបន្ថែមច្បាប់មួយចំនួនក្នុងរដ្ឋធម្មនុញ្ញសង្គមនិយមរបស់កូរ៉េខាងជើង
ព្រមទាំងការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការកិច្ចការរដ្ឋ
និងតំណែងគ្រប់គ្រងស្ថាប័នរដ្ឋដៃទៀត។
សភាកូរ៉េខាងជើងដែលមានតួនាទីអនុម័តគោលនយោបាយរដ្ឋ
តែងតែបើកសម័យប្រជុំនៅបន្ទាប់ពីមហាសន្និបាតរបស់គណបក្សពលករ
ដើម្បីប្រែក្លាយការសម្រេចចិត្តរបស់បក្សឱ្យទៅជាច្បាប់។
តាម KCNA កិច្ចប្រជុំសភា
ក៏នឹងត្រួតពិនិត្យឡើងវិញផងដែរពីផែនការសេដ្ឋកិច្ច៥ឆ្នាំដែលត្រូវបានប្រកាសនៅឯមហាសន្និបាតបក្សពលករលើកទី៩
កាលពីខែកុម្ភៈកន្លងទៅនេះ។ ម្យ៉ាងវិញទៀត អ្វីដែលគេកំពុងតាមដានសម័យប្រជុំរបស់សភាកូរ៉េខាងជើង
នោះគឺថាទីក្រុងព្យុងយ៉ាងនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីទទួលស្គាល់ជាផ្លូវការនូវគោលនយោបាយ
ចាត់ទុកកូរ៉េខាងត្បូងជាសត្រូវរបស់លោក គីម ជុងអ៊ុនដែរឬក៏យ៉ាងណា?
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ លោក គីម ជុងអ៊ុន
បានបោះបង់ចោលគោលដៅបង្រួបបង្រួមជាតិជាមួយកូរ៉េខាងត្បូងដោយសន្តិវិធីរបស់កូរ៉េខាងជើង
និងបានប្រកាសចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវ៕ (Reuters)

Post a Comment