អ៊ីរ៉ង់ ទទួលស្គាល់ថាកំពុងពិនិត្យសំណើអាមេរិកដើម្បីបញ្ចប់សង្រ្គាម តែមិនមានបំណងចរចាទេ
ឌូបៃ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថាអ៊ីរ៉ង់កំពុងពិនិត្យលើសំណើមួយរបស់សហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់សង្រ្គាម ប៉ុន្តែមិនមានបំណងចរចាបន្ធូរបន្ថយជម្លោះនោះឡើយ។
ការអត្ថាធិប្បាយបែបនេះរបស់លោក Abbas
Araqchi ហាក់សន្មត់ពីឆន្ទៈរបស់អ៊ីរ៉ង់ដើម្បីបើកកិច្ចចរចាបញ្ចប់សង្រ្គាម
ក្នុងករណីសំណើរបស់អ៊ីរ៉ង់ត្រូវបានទទួលយក
បើទោះជាការឆ្លើយតបរបស់តេហេរ៉ង់ក្នុងពេលនេះមិនមានភាពវិជ្ជមានក៏ដោយ។
បើតាមប្រមុខការទូតអ៊ីរ៉ង់ ការឆ្លើយឆ្លងសារតាមរយៈអន្តរការីមិនមែនមានន័យវាជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ។ ក្នុងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក Abbas Araqchi បានគូសបញ្ជាក់ថា «ពួកគេបានបញ្ជូនសំណើនៅក្នុងសាររបស់ពួកគេដែលត្រូវបានបញ្ជូនបន្តទៅកាន់អាជ្ញាធរកំពូលអ៊ីរ៉ង់
ហើយប្រសិនបើចាំបាច់ អាជ្ញាធរកំពូលអ៊ីរ៉ង់នឹងប្រកាសពីគោលជំហរ»។
សូមជម្រាបថា
សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានបញ្ជូនសំណើ ១៥ចំណុចដើម្បីបញ្ចប់សង្រ្គាមទៅឱ្យអ៊ីរ៉ង់តាមរយៈប៉ាគីស្ថាន។
ក្នុងសំណើ១៥ចំណុចនេះក្នុងនោះរួមមាន
ការលុបបំបាត់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ទាំងអស់របស់អ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម
រឹតត្បិតលើកម្មវិធីមីស៊ីលបាលិស្ទីគ និងកាត់ផ្ដាច់ការគាំទ្រ និងផ្ដល់ហិរញ្ញវត្ថុដល់
ចលនាប្រដាប់អាវុធក្នុងតំបន់ជាដើម។
សេតវិមានមិនបានបង្ហើបអ្វីលម្អិតទេលើសំណើរបស់ខ្លួន
ហើយបានគំរាមថាបង្កើនការវាយប្រហារទៀតផង៕ (Reuters)

Post a Comment