អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យ សហគ្រាសផលិតក្តារបន្ទះ នៅស្រុកអូរជុំ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធមួយចំនួននៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ សហគ្រាស GUOXING PLYWOOD NATURAL PRODUCTION CO.LTD ផលិតក្តារបន្ទះ ស្ថិតនៅភូមិប៉ាជន់ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន ប្រសាសន៍ថា ការចុះពិនិត្យនេះ មានគោលបំណងពិនិត្យមើលពីវឌ្ឍនភាព និងជំរុញការអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មព្រមទាំង ស្តាប់នូវសំណូមពរ និង បញ្ហា ប្រឈមនានាពីវិនិយោគិនដោយផ្ទាល់ និងពិនិត្យលទ្ធភាពដោះស្រាយ ឬ ជួយសម្របសម្រួល តាមការជាក់ស្តែង ។
ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្តក៏បាន ជំរុញអោយសហគ្រាសប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព របស់កម្មករនយោជក ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានេះផងដែរ ឯកឧត្តមលើកទឹកចិត្តឱ្យសហគ្រាសមួនេះ ផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬ សំណូមពរផ្សេងៗ តាមការជាក់ស្តែង ដើម្បីអោយអាជ្ញាធរ ស្រុក និងអាជ្ញាធរខេត្តស្វែងយល់ និង ស្វែងរកដំណោះស្រាយ និង ការសម្របសម្រួល និងសូម អោយសហគ្រាបន្តពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់វត្ថុធាតុដើម និង កម្លាំងពលកម្មក្នុងស្រុក អោយបានច្រើនបន្ថែមទៀត។
តំណាងសហគ្រាស GUOXING PLYWOOD NATURAL PRODUCTION CO.LT បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រៅ ចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពជាក់ស្តែងនូវខ្សែច្រវ៉ាក់ផលិតកម្មក្តាបន្ទះក្នុងសហគ្រាសនាពេលនេះ។ តំណាងសហគ្រាស ដដែលបានជម្រាបជូនថា សហគ្រាសបានចាប់ផ្តើមដំណើរការ ផលិតកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។បច្ចុប្បន្នមានកម្មករកំពុងបម្រើការងារប្រមាណជិត១០០នាក់ ហើយវត្ថុធាតុដើមសម្រាប់ធ្វើការផលិតគឺ សហគ្រាស បានប្រមូលទិញ ដើមកៅស៊ូ និងដើមចន្ទីចាស់ៗរបស់ប្រជាពលរដ្ឋក្នុងខេត្ត មកផលិតជាក្តាបន្ទះក្នុង១ថ្ងៃបាន១០០០សន្លឹក រួចធ្វើការនាំចេញយកទៅលក់នៅរាជធានីភ្នំពេញ។ ហើយក្រៅពីផលិតក្តាបន្ទះ សហគ្រាស ក៏បានធ្វើការបណ្តុះផ្សិតអ័ស្ទ័ ផ្សិតភ្លៅមាន់ផងដែរ៕










Post a Comment