ត្រាំ គ្រោងធ្វើទស្សនកិច្ចទៅកាន់ចិន នៅខែឧសភា ក្រោយពន្យារពេលដោយសារសង្រ្គាមអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីងពីង នៅខែឧសភាខាងមុខ អំឡុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ លោកក្នុងពេល៨ឆ្នាំទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីពន្យារពេលធ្វើទស្សនកិច្ចដោយសារតែសង្រ្គាមអ៊ីរ៉ង់។
កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចរបស់លោកឡើងវិញនេះត្រូវបានគេមើលឃើញពីចេតនារបស់លោកដើម្បីបង្ហាញពីទំនុកចិត្តចំពោះ
ការដោះស្រាយបញ្ហាប្រឈមក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ផង
និងការគ្រប់គ្រងទំនាក់ទំនងតានតឹងជាមួយចិនផង។ លោក ត្រាំ
ដំបូងឡើយត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅចិន នៅសប្ដាហ៍ក្រោយនេះ
ប៉ុន្តែត្រូវបានលើកពេលដើម្បីផ្តោតលើសង្រ្គាមជាមួយអ៊ីរ៉ង់។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social កាលពីថ្ងៃពុធ ទី២៥ ខែមីនា លោក ត្រាំ
បានឱ្យដឹងថារូបលោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤
ដល់ថ្ងៃទី១៥ ខែឧសភា ហើយលោកអាចនឹងទទួលស្វាគមន៍លោក ស៊ី ជីនពីង
សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំនេះ។ ប៉ុន្តែ
ខាងស្ថានទូតចិនបាននិយាយថាខ្លួនមិនទាន់ទទួលបានព័ត៌មានដើម្បីធ្វើសេចក្ដីប្រកាសពីដំណើរទស្សនកិច្ចរបស់លោក
ត្រាំ នៅឡើយទេ។ ជាទម្លាប់ ចិនមិនផ្ដល់ព័ត៌មានលម្អិត អំពីកាលវិភាគរបស់លោក ស៊ី
ជីនពីង ឱ្យដឹងមុនទេ រហូតទាល់តែជិតដល់ថ្ងៃ។
សូមជម្រាបថា លោក ដូណាល់ ត្រាំ
បានធ្វើដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនៅខែឧសភានឹងក្លាយជាជំនួបទល់មុខ លើកដំបូងបំផុតចាប់តាំងពីខែតុលា
ឆ្នាំ២០២៥ ជាពេលដែលមេដឹកនាំទាំង២បានជួបគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយការយល់ព្រមលើបទ ឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម៕ (AFP)

Post a Comment