ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពី ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។

 លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

 ក្នុងរយៈពេលត្រីមាសទី១នេះ កន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជា ការចុះធ្វើវេទិកាសាធារណៈ បានចំនួន៨លើក នៅតាមក្រុង ស្រុក និងការចុះពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ នៅស្រុកកែវសីមា មានរយៈពេល២ថ្ងៃ បានចុះចែក ចង្ក្រោនបង្កើនថាមពលជូនគ្រួសារនៅស្រុកកោះញែក និងស្រុកពេជ្រាដា។

 ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានដាក់ទិសដៅបន្ត ដូចខាងក្រោម៖ (១).បន្តរៀបចំវេទិកាសាធារណៈឱ្យគ្រប់ឃុំ សង្កាត់ នៅឆ្នាំ២០២៦នេះ (២).បន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ (៣).បន្តដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរពេលចុះវេទិកាសាធារណៈ (៤).បន្តផ្សព្វផ្សាយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី (៥).បន្តការស្នើសុំ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ថ្មី, ការធ្វើបណ្ណប.ស.ស, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស១,៥លាននាក់  (៦).បន្តការជំរុញចុះបញ្ជីឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (៧).បន្តការធ្វើបច្ចុប្បន្នភាពក្រុមការងាររាជរដ្ឋាភិបាល (៨).បន្តចែកខិតបណ្ណវិស័យអាទិភាពទាំង៥(កសិកម្ម ទេសចរណ៍ បរិស្ថាន រ៉ែនិងថាមពល និង ធនធានទឹក (៩).បន្តការធ្វើបច្ចុប្បន្នភាពក្រុមការងាររាជរដ្ឋាភិបាល (១០)បន្តការចែកកូនឈើហូបផ្លែ (១១).ការចែកពូជកូនកាហ្វេ ៣ ០០០ដើម (១២). ការចុះពិនិត្យ និង ព្យាបាលភ្នែកនិងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ (១៣).បន្តការចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅតាមទីដាច់ស្រយោលមួយ (១៤).ការចុះនៅមណ្ឌលកុមារកំព្រា និងការងារគាំទ្រជនពិការភាព (១៥).បន្តការចែកចង្ក្រោនបង្កើនថាមពលជូនគ្រួសារ និង(១៦).បន្តបណ្តុះបណ្តាលបច្ចេកទេសបណ្តាញសង្គម និងថតរូប។

 ឯកឧត្តមប្រធាន បានអបអរសាទរ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ លើសមិទ្ធផលទាំងអស់ និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ជាពិសេសសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ដែលបានចុះធ្វើវេទិកាសាធារណៈ ទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈមមួយចំនួនដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងចម្ងល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យខេត្តមណ្ឌលគិរីកាន់តែមានភាពរីកចម្រើន និងការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត៕





Powered by Blogger.