រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រមានអ៊ីរ៉ង់ថាការអត់ធ្មត់មានដែនកំណត់
រីយ៉ាដ៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានព្រមានថាការអត់ធ្មត់ចំពោះ ការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសរបស់លោក និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រគឺមានដែនកំណត់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន
បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់
និងមូស្លីមអំពីការវាយប្រហារលើអ៊ីរ៉ង់ក្នុងតំបន់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងដែរថា
អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់
ក្នុងករណីចាំបាច់។
ការព្រមានរបស់អារ៉ាប៊ីសាអូឌីត
ធ្វើឡើងក្រោយពីអ៊ីរ៉ង់កាលពីថ្ងៃពុធម្សិលមិញ
បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ។ អ៊ីរ៉ង់បាននិយាយថាការវាយប្រហាររបស់ខ្លួនគឺជាការសងសឹកទៅនឹងការវាយប្រហារលើរោងចក្រឧស្ម័នដ៏សំខាន់មួយរបស់ខ្លួន
រងការវាយប្រហារកាលពីថ្ងៃពុធ ហើយគំរាមទៀតផងថា នឹងបង្កើនការវាយប្រហារបន្ថែមទៀត
បើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនរងការវាយប្រហារជាថ្មី។
អ៊ីរ៉ង់បានចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នកវាយប្រហារលើរោងចក្រឧស្ម័ន
South
Pars។ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ
រីឯក្រុមមន្ត្រីអាមេរិក បាននិយាយថា
ទីក្រុងវ៉ាស៊ីនតោនបានដឹងពីការវាយប្រហារលើរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់
តែមិនបានចូលរួមពាក់ព័ន្ធឡើយ៕

Post a Comment