ធនាគារចិន ប្រចាំទីក្រុងហុងកុង ស្វែងយល់ពីសក្តានុពលវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារចិន ដឹកនាំដោយលោក Sun Yu នាយកប្រតិបត្តិ ធនាគារចិន ប្រចាំទីក្រុងហុងកុង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ជំនួបនេះមានគោលបំណងឱ្យគណៈប្រតិភូធនាគារចិន បានស្វែងយល់ពីសក្តានុពលវិនិយោគថ្មីៗក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងឱកាសក្នុងការពង្រីកប្រតិបត្តិការថែមទៀត។

ក្នុងជំនួបនេះ លោក Sun Yu បានជម្រាបជូនពីវឌ្ឍនភាពល្អនៃប្រតិបត្តិការរបស់ធនាគារចិននាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញារបស់ភាទុនិក ក្នុងការបន្តចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជាឱ្យបានកាន់តែប្រសើរ ថែមទៀត ដោយអនុវត្តតាមបទប្បញ្ញាត្តិនានាឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ លោកក៏បានលើកឡើងពីការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការឧបករណ៍ហិរញ្ញវត្ថុថ្មីៗ និងការជំរុញការប្រើប្រាស់ប្រាក់រៀលសម្រាប់ទូទាត់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកឡើងពីអាទិភាពក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងស្ថិរភាពហិរញ្ញវត្ថុ សំដៅចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ថែមលើនេះ លោកជំទាវក៏បានមានប្រសាសន៍អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានរំលេចពីសក្តានុពល និងកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយតំបន់និងសកលលោក និងការកើនឡើងតម្លៃប្រេងលើទីផ្សារអន្តរជាតិជាដើម៕






 

Powered by Blogger.