ហ្វីលីពីន ប្រកាសអាសន្នថាមពលជាតិ ខណៈស្តុកប្រេងប្រើប្រាស់បានតែ ៤៥ថ្ងៃប៉ុណ្ណោះ
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) នាថ្ងៃអង្គារ បានចុះហត្ថលេខាលើលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីប្រកាសដាក់ប្រទេសក្នុង «គ្រាអាសន្នថាមពលជាតិ» ជាបន្ទាន់ ដោយសារតែហានិភ័យនៃវិបត្តិថាមពល ដែលបង្កឡើងដោយជម្លោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
លោក ម៉ាកូស បានសង្កត់ធ្ងន់ថា
ការសម្រេចចិត្តនេះគឺដើម្បីការពារសន្តិសុខថាមពលជាតិ
ចំពេលដែលការផ្គត់ផ្គង់សកលកំពុងរងការរំខានយ៉ាងធ្ងន់ធ្ងរ។
ការបិទខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុត
បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងថ្លៃ និងបង្កការខ្វះខាតយ៉ាងខ្លាំង
ដែលប៉ះពាល់ផ្ទាល់ដល់ហ្វីលីពីនដែលជាប្រទេសពឹងផ្អែកលើការនាំចូលប្រេងស្ទើរតែទាំងស្រុង។
ក្រសួងថាមពលហ្វីលីពីន បានឱ្យដឹងថា
បច្ចុប្បន្នប្រទេសមានស្តុកប្រេងប្រើប្រាស់បានត្រឹមតែប្រហែល ៤៥ថ្ងៃប៉ុណ្ណោះ
ហើយនឹងងាកទៅពឹងផ្អែកលើរោងចក្រថាមពលដើរដោយធ្យូងថ្មវិញ ជាបណ្តោះអាសន្ន
ដើម្បីជំនួសការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃហក់ឡើងថ្លៃខ្លាំង។
ការប្រកាសគ្រាអាសន្ននេះនឹងមានសុពលភាពរយៈពេល
១ឆ្នាំ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការសម្របសម្រួលជាបន្ទាន់
ក្នុងការធានាការដឹកជញ្ជូន និងការផ្គត់ផ្គង់ប្រេង ស្បៀងអាហារ ឱសថ
និងទំនិញចាំបាច់ដទៃទៀត ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ វិធានការនេះ
បានធ្វើឡើងក្រោយមានសម្ពាធពីសមាជិកព្រឹទ្ធសភាហ្វីលីពីន
ដែលបានទាមទារឱ្យប្រធានាធិបតីចាត់វិធានការជាបន្ទាន់ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាជន
ដែលកំពុងរងទុក្ខវេទនាដោយសារតម្លៃប្រេងហក់ឡើងថ្លៃហួសកម្រិត៕ (BBC)

Post a Comment