អភិបាលខេត្តកំពត ឱ្យអ្នកចាក់ដីរំលោភចូលព្រែកក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ កាយចេញបន្ទាន់ ក្នុងរយៈពេល១សបា្តហ៍
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវឱ្យម្ចាស់ដីខាងលើកាយចេញជាបន្ទាន់ចាប់ពីល្ងាចនេះតទៅ ដោយទុកពេលឱ្យរយៈពេល ១សប្តាហ៍ ប្រសិនបើម្ចាស់ដីខាងលើមិនអនុវត្តន៍តាមការណែនាំនេះ អាជ្ញាធរខេត្តនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយពុំមានការលើកលែងនោះឡើយ។
ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់ដែរថា រាល់បុគ្គលណាដែលមានបំណងមិនល្អ ចង់បានដីសាធារណៈរបស់រដ្ឋដើម្បីផលប្រយោជនខ្លួន ឬបក្ខពួកខ្លួន ដោយមិនគិតពីផលប្រយោជន៍រួមរបស់ប្រជាជន អាជ្ញាធរខេត្តនិងចាត់វិធានការដោយមិនមានការលើកលែង បើទោះបីសំណង់ ឬរបងដែលសាងសង់រំលោភចូលដីរដ្ឋបានសាងសង់មុនពេលដែលលោកមកដឹកនាំខេត្តនេះក៏ដោយ។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ ពិនិត្យមើលឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយចំពោះការស្នើសុំសាងសង់សំណង់ ឬទីតាំងអ្វីមួយរបស់ប្រជាពលរដ្ឋ ថាតើមានចូលក្នុងដីសាធារណៈរបស់រដ្ឋដែរឬទេ បើមានករណីចូលត្រូវជូនដំណឹងពួកគាត់ដើម្បីធ្វើលើតែដីកម្មសិទ្ធរបស់ខ្លួន ជៀសវាងថ្ងៃក្រោយមានការខាតបង់។
ក្នុងដំណើរចុះពិនិត្យនេះដែរ លោកអភិបាលខេត្តក៏បានឱ្យអាជ្ញាធរក្រុងកំពត សិក្សាប្រព័ន្ធផ្លូវដែលធ្វើដំណើរមកកាន់កន្លែងកម្សាន្តដែលស្ថិតក្នុងភូមិតាអង្គនេះ ដើម្បីរៀបចំស្ថាបនាជាផ្លូវបេតុងអាមេជូនដល់ប្រជាពលរដ្ឋក្នុងភូមិទុកជាប្រយោជន៍រួម ក៏ដូចជាបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
សូមជម្រាបថា ក្រោយពីទទួលបានព័ត៌មានពីករណីមានការចាក់ដីចូលព្រែក ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមដំណើរដោយលោកអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងផ្ទាល់ដើម្បីមានចំណាត់ការបន្ទាន់។ ក្រោយចុះពិនិត្យដល់ទីតាំងជាក់ស្តែងសង្កេតឃើញថាពិតជាមានករណីចាក់ដីចូលព្រែកពិតប្រាកដមែន។
គួរបញ្ជាក់ថា កន្លងមកលោកអភិបាលខេត្ត តែងតែដាក់បទបញ្ជា ក៏ដូចជាផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះវិធានការផ្សេងៗលើករណីដែលមានជនណាម្នាក់រំលោភយកដីសាធារណៈរបស់រដ្ឋដោយមិនមានការលើកលែង មិនតែប៉ុណ្ណោះអាជ្ញាធរខេត្តក៏បានធ្វើការដកហូតដីទាំងនោះយកមកវិញ ដើម្បីអភិវឌ្ឍន៍ទៅជាកន្លែងកម្សាន្ត ឬជាកន្លែងទេសចរណ៍ក្នុងន័យបម្រើផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស៕




Post a Comment