ប៉ាគីស្ថាន ប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់
ឥស្លាម៉ាបាដ៖ នាថ្ងៃអង្គារ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។
តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម X លោក Shehbaz Sharif បានបញ្ជាក់ថា «ប្រសិនបើមានការយល់ព្រមពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ប៉ាគីស្ថានមានកិត្តិយស និងត្រៀមខ្លួនរួចជាស្រេច
ដើម្បីសម្របសម្រួលកិច្ចចរចាដ៏មានអត្ថន័យ និងឈានទៅរកការបញ្ចប់ជម្លោះនេះជាស្ថាពរ»។ ការផ្តល់ជូននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់
ត្រាំ បានសម្រេចពន្យារពេលការវាយប្រហារលើរោងចក្រអគ្គិសនីអ៉ីរ៉ង់
ដោយលើកឡើងពីកិច្ចសន្ទនា «ដ៏ល្អ និងប្រកបដោយផ្លែផ្កា»។
ស្របពេលដែលលោក ត្រាំ
អះអាងថាមានការចរចាប្រកបដោយជោគជ័យជាមួយអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ
ដោយមានការចូលរួមពីប្រេសិតពិសេស លោក Steve Witkoff និងកូនប្រសាលោក គឺលោក Jared Kushner នោះ ភាគីអ៊ីរ៉ង់វិញបានច្រានចោលការអះអាងនេះ។
ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ដែលត្រូវបានគេស្គាល់ថាជាអ្នកចរចាខាងភាគីអ៊ីរ៉ង់
បានចេញមុខបដិសេធយ៉ាងខ្លាំងក្លា ដោយហៅព័ត៌មាននៃការចរចានេះថាជា «ព័ត៌មានក្លែងក្លាយ»៕ (Reuters)

Post a Comment