ឯកឧត្តម សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជា ជាមួយ UNESCO ការពារបេតិកភណ្ឌកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងជំនួបការងារជាមួយ លោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា នាវិមានរដ្ឋសភា បានថ្លែងបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវ «ច្បាប់អន្តរជាតិ» និងយន្តការ «ពហុភាគីនិយម» ដោយចាត់ទុកជាអាវុធការទូតដ៏សំខាន់ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ។

ការបញ្ជាក់នេះធ្វើឡើងក្នុងបរិបទដែលកម្ពុជាធ្លាប់បានជួបប្រទះនូវបញ្ហាប្រឈមជាមួយប្រទេសជិតខាង ដែលបានរំលោភបំពានលើសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលកន្លងមក។ ក្នុងជំនួបនោះ ឯកឧត្តម សួស យ៉ារ៉ា បានបង្ហាញនូវសារនយោបាយចំៗ និងច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹងបេតិកភណ្ឌជា «ស្ពានសន្តិភាព» និងការគោរពច្បាប់អន្តរជាតិ ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌដោយផ្អែកលើ «អនុសញ្ញាអន្តរជាតិ»។ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ក៏បានបញ្ជាក់ថា ការការពារសម្បត្តិវប្បធម៌មិនមែនធ្វើឡើងដើម្បីការប្រកួតប្រជែងនោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាជា «ស្ពានសន្តិភាព» ដើម្បីជំរុញការយោគយល់គ្នាទៅវិញទៅមក។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៦នេះ ដែលជាខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា លោក សួស យ៉ារ៉ា បានជម្រាបជូនតំណាងអង្គការ UNESCO ថា នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដើម្បីបង្ហាញពិភពលោកអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិរក្ស និងជាការរំលឹកដល់សហគមន៍អន្តរជាតិអំពី «កម្មសិទ្ធិស្របច្បាប់» នៃសម្បត្តិបេតិកភណ្ឌនានា ដែលកម្ពុជាបានចុះបញ្ជីរួចរាល់។
ពាក់ព័ន្ធនឹង ការជំរុញឌីជីថល និងយន្តការសភា ឯកឧត្តម សួស យ៉ារ៉ា ក៏បានស្នើឱ្យអង្គការ UNESCO ចូលរួមចំណែកជួយជំរុញ ការតភ្ជាប់ឌីជីថលអាស៊ី-អឺរ៉ុប តាមរយៈគម្រោង «សារមន្ទីរឌីជីថល» ដើម្បីផ្សព្វផ្សាយការពិតនៃប្រវត្តិសាស្ត្រវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ គ្រាដែលយន្តការសភា (AIPA) ឯកឧត្តមក៏ស្នើអោយមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់មេគង្គ និងអាស៊ី ដើម្បីជៀសវាងជម្លោះដែលមិនចាំបាច់ផងដែរ។

ជាការឆ្លើយតបលោក Flavio Bonetti តំណាងថ្មីរបស់ UNESCO បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងបានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសលើការអភិរក្សវប្បធម៌ និង «គោលនយោបាយព័ត៌មាន» ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយកម្ពុជាការពារការពិតប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិ ៕



 

 

Powered by Blogger.