រដ្ឋសមាជិក NATO មួយចំនួនសន្យាទិញអាវុធពីអាមេរិក ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានឱ្យដឹងនាថ្ងៃទី១៣ ខែកុម្ភៈ ថា រដ្ឋសមាជិកនៃបក្សសម្ព័ន្ធយោធាមួយនេះ បានប្រកាសជំនួយជាទឹកប្រាក់រាប់រយលានដុល្លារ សម្រាប់គាំទ្រដល់កម្មវិធី PURL (Prioritised Ukraine Requirements List) ដែលជាគំនិតផ្ដួចផ្ដើមមួយ ដើម្បីទិញអាវុធពីសហរដ្ឋអាមេរិក ផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន។

លោក Rutte បាន​ថ្លែងអំណរគុណ​​ចក្រភព​អង់គ្លេស អ៊ីស្លង់ ន័រវែស ស៊ុយអែត និង​លីទុយអានី ចំពោះ​ការចូលរួមចំណែក​របស់​ពួកគេ ដោយបន្ថែមថាលោក​ក៏រំពឹងផងដែរ​ថា ​នឹង​មាន​ការសន្យា​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

នៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អាល្លឺម៉ង់ និងអ៊ុយក្រែន លោក Rutte មិនបានផ្តល់តួលេខជាក់លាក់ សម្រាប់ជំនួយគាំទ្រនេះទេ។ តាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ចក្រភពអង់គ្លេសសន្យាផ្ដល់ជំនួយ ១៥០លានផោន (ឬ២០៥លានដុល្លារ) សម្រាប់កម្មវិធី PURL នេះ។

សូមជម្រាបថា ក្រោមកម្មវិធី PURL សម្ព័ន្ធមិត្តលោកខាងលិច អាចផ្ដល់មូលនិធិយកទៅទិញប្រព័ន្ធការពារដែនអាកាស និងបរិក្ខារយោធាផ្សេងទៀតពីសហរដ្ឋអាមេរិក៕ (Reuters)



 

Powered by Blogger.