WHO អះអាងថាហានិភ័យនៃការរីករាលដាលវីរុស Nipah គឺស្ថិតនៅកម្រិតទាប

ហ្សឺណែវ៖ នាថ្ងៃសុក្រ ទី៣០ ខែមេសា មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ហានិភ័យនៃការរីករាលដាល វីរុស Nipah គឺស្ថិតនៅកម្រិតទាប ដោយមនុស្សទាំង១៩០នាក់ ដែលមានជាប់ទាក់ទងនឹងអ្នកជំងឺ២នាក់នៅឥណ្ឌា មិនបានធ្វើតេស្ត​ចេញលទ្ធផលវិជ្ជមាន ឬកើតអាការៈនៃជំងឺនេះឡើយ។

មន្រ្តី WHO លោកស្រី Anais Legand បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ហានិភ័យឆ្លងរាលដាលកម្រិតជាតិ តំបន់ និងសកល គិតត្រឹមពេលនេះត្រូវបានចាត់ទុកថា ស្ថិតនៅកម្រិតទាប ដោយអ្នកឆ្លងទាំងពីរនាក់ គឺពុំមាននរណាមួយបានធ្វើដំណើរពេលមានអាការៈជំងឺ ហើយពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅមានជីវិត មិនតែប៉ុណ្ណោះ​ម្នាក់បានបង្ហាញសញ្ញាប្រសើរឡើងថែមទៀត។ បើតាមលោកស្រី Legand WHO កំពុងរង់ចាំឱ្យ​ឥណ្ឌាចែករំលែកព័ត៌មាននៃទម្រង់ហ្សែនរបស់វីរុស ដើម្បីវាយតម្លៃថាតើ វាអាចនឹងមានការបំប្លែងឬវិវត្តកែប្រែទៅមុខទៀតដែរឬអត់ ប៉ុន្តែនាពេលនេះ ពុំមានភស្តុតាងជាក់លាក់អ្វី ដែលនឹងធ្វើឱ្យត្រូវព្រួយបារម្ភខ្លាំងនោះទេ។

សប្តាហ៍នេះ ទីក្រុងហុងកុង រួមជាមួយប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម ស្ថិតក្នុងចំណោមទីតាំងនៅតំបន់អាស៊ី ដែលបានរឹតបន្តឹងការត្រួតពិនិត្យលើ អ្នកដំណើរនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលវីរុស Nipah បន្ទាប់ពីឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លង២នាក់ នៅក្នុងប្រទេសរបស់ខ្លួន។

សូមជម្រាបថា វីរុស Nipah ត្រូវបានផ្ទុកដោយសត្វប្រចៀវស៊ីផ្លែឈើ និងសត្វមួយចំនួនទៀតដូចជាសត្វជ្រូក ហើយអាចឆ្លងមកមនុស្ស។ វីរុសនេះអាចបង្កអាការៈគ្រុនក្តៅ និងរលាកខួរក្បាល ហើយវាមានលទ្ធភាពបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិតបាន ក្នុងអត្រាចន្លោះ៤០% ទៅ៧៥%។ បច្ចុប្បន្នវីរុស ​Nipah ពុំមានថ្នាំព្យាបាលជាក់លាក់ទេ ហើយវ៉ាក់សាំងដែលស្ថិតក្នុងការអភិវឌ្ឍន៍ កំពុងត្រូវបានបន្តធ្វើតេស្តនៅឡើយ៕ (Reuters)



 

Powered by Blogger.